(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្តល់អាហារូបករណ៍ទាំងក្នុងប្រទេស និងក្រៅប្រទេស (ប្រទេសចិន) ដល់កុមារនៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងអង្គការមូលនិធិកុមារកម្ពុជា (CCF) ជាមួយនឹងការប្រកាសផ្តល់នូវអាហារូបករណ៍នេះដែរសម្តេច ក៏បានអំពាវនាវដល់កុមារនៃអង្គការទាំងពីរបន្តខិតខំសិក្សាបន្ថែមទៀតដើម្បីអនាគតខ្លួនឯង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសយ៉ាងដូចនេះនាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលដោយគ្មានការត្រៀមទុក ជាមួយកុមារ និងលោកតា លោកយាយ នៅក្នុងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងអង្គការមូលនិធិកុមារកម្ពុជា (CCF)។
ថ្លែងទៅកាន់ក្មេងនៃនៃអង្គការដើម្បីភាពញញឹមនៃកុមារ និងអង្គការមូលនិធិកុមារកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ប៉ាមានអាហារូបករណ៍ អីចឹងអ្នកចង់ដាក់អាហារូបករណ៍ រៀននៅក្នុងប្រទេស តាមសាកលវិទ្យាល័យផ្សេងៗ បូកជាមួយនឹងនៅក្រៅប្រទេសមាននៅប្រទេសចិន ចឹងអាចដាក់បានសម្រាប់ទៅរៀន, អាហារូបករណ៍ឱ្យយើងរៀនបន្តបាន ហើយសម្រាប់អ្នកទើបចូលថ្នាក់ទី១២ ប្រឹងឱ្យជាប់បាក់ឌុប មានអាហារូបករណ៍ឱ្យទៀត ដើម្បីរៀនតទៅទៀត»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា សម្រាប់អ្នកដែលចង់រៀន និងដាក់ចិត្តរៀន គឺសម្តេចផ្តល់អាហារូបករណ៍ឱ្យបាន ហើយត្រូវខិតខំរៀនឱ្យបានពូកែដើម្បីអនាគត់របស់ខ្លួន ដោយអាចរៀនបានទាំងនៅសាកលវិទ្យាល័យនៅក្នុងរាជធានីភ្នំពេញ និងសាកលវិទ្យាល័យនៅក្នុងប្រទេសចិនផងដែរ។
សូមបញ្ជាក់ដែរថា ឆ្លៀតក្នុងការចុះជួបសំណេះសំណាលដោយគ្មានការត្រៀមទុកជាមួយកុមារ និងលោកតា លោកយាយ ក្នុងអង្គការទាំង២ និងដើម្បីជាការអបអរសាទរ ថ្ងៃចម្រើនជន្មាយុ៤៧ ឈានចូល៤៨ឆ្នាំ របស់សម្តេចបវរធិបតី នាយករដ្ឋមន្រ្តី, សម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្រៅពីការប្រកាសផ្តល់អាហាររូបករណ៍ដល់ក្មេងៗហើយនោះ ក៏បានឧបត្ថម្ភដល់អង្គការដើម្បីភាពញញឹមនៃកុមារ និងអង្គការមូលនិធិកុមារកម្ពុជា នូវអង្ករក្នុងមួយអង្គការមាន៖ អង្ករ ១តោន មី ៣០០កេស ទឹកក្រូច ១០០កេស ទឹកសុទ្ធ ១០០កេស និងថវិកា ២០លានរៀល, ជូនលោកគ្រូ អ្នកគ្រូ សរុប ៨៩នាក់ ក្នុងមួយនាក់ ១០ម៉ឺនរៀល, ជូនលោកតា លោកយាយ ៦៤នាក់ ក្នុងម្នាក់ ក្រណាត់ស ១ដុំ ថវិកា ១០ម៉ឺនរៀល, ក្មេងៗនៃអង្គការទាំង២ ចំនួន ៥០០នាក់ ក្នុងម្នាក់ ២ម៉ឺនរៀលផងដែរ៕