(កំពង់ធំ)៖ ក្រុមការងារមូលនិធិជនពិការ សហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ ព្រមទាំងសាខា ម.ជ.ព.ខេត្ត នឹងចុះជួបសួរសុខទុក្ខ និងពាំនាំអំណោយរបស់លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី ជា ផល្គុន ជូនដល់ជនមានពិការភាពជួបការលំបាកម្នាក់ដែលមានឈ្មោះ យិន អឿន អាយុ៧៥ឆ្នាំ រស់នៅភូមិកំរ៉ែង សង្កាត់ក្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។
ក្នុងកម្មវិធីនេះ លោក ហ៊ុត ពន្លឺ នាយករងមូលនិធិជនពិការ តំណាងលោក ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលធិជនពិការ បានពាំនាំនូវប្រសាសន៍សាកសួរសុខទុករបស់លោករដ្ឋមន្រ្តី និងលោកស្រី នឹងបានប្រគល់អំណោយដល់អ៊ុំប្រុសពិការ រួមមាន៖ អង្ករ២៥០គីឡូក្រាម ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ ២យួរ ទឹកភេសជ្ជៈ២កេស មី១កេសធំ ត្រីខ ២យួរ (២០កំប៉ុង) អំបិល២កញ្ចប់ ស្ករស២កញ្ចប់ ថវិកា១,៥០០,០០០រៀល។
គូសបញ្ជាក់ថា កន្លងមក លោករដ្ឋមន្រ្តី និងលោកស្រី តែងតែគិតគូរនិងយកចិត្តទុកដាក់ដល់ជីវភាពរបស់ជនមានពិការភាព តាមរយៈការចុះសាកសួរផ្ទាល់នៅតាមមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម ការផ្តល់ជាកញ្ចប់អំណោយ ការចុះប្រគល់ផ្ទះ «មូលនិធិជនពិការ»ជូនគ្រួសារក្រីក្រ និងចូលរួមក្នុងកម្មវិធីនានា សំដៅលើការកាត់បន្ថយឧបសគ្គ និងជំរុញឱ្យជនមានពិការភាពទទួលបានលទ្ធភាពក្នុងការចូលរួមគ្រប់សកម្មភាពសង្គម៕