(ព្រះវិហារ)៖ អគារសាលាបឋមសិក្សាឃុំថ្មី ស្ថិតក្នុងភូមិថ្នល់បំបែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដែលមានសភាពចាស់ទ្រុឌទ្រោមត្រូវបានលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាអនុប្រធាន ស.ស.យ.ក ថ្នាក់កណ្តាល ដឹកនាំក្រុមការងារ ស.ស.យ.ក. សហគមន៍ និងអាជ្ញាធរឃុំ ស្រុក ខេត្ត ធ្វើការជួសជុលឡើងវិញ ដើម្បីសម្រួលឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ។
បើតាមការឱ្យដឹងពីលោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាឃុំថ្មី បានថ្លែងប្រាប់ថា អគារសាលាបឋមសិក្សាឃុំថ្មី១ខ្នងនេះ មាន៣បន្ទប់ ធ្វើអំពីឈើ ប្រក់ស័ង្គសី សាងសង់អស់រយៈពេល ៣១មកហើយ មកដល់ពេលនេះអគារនេះ មានសភាពចាស់ទ្រុធទ្រោម ដូចជាដំបូល ជញ្ជាំង ជាដើម ជាហេត់បណ្តាលឱ្យសិស្សានុសិស្សពុំអាចចូលរៀនបានឡើយ។
លោកគ្រូ អ្នកគ្រូបានថ្លែងប្រាប់ទៀតថា ជាភ័ព្វវាសនាក្នុងឱកាសនៃការប្រារព្វពិធីដាំកូនឈើ ៩ កក្កដា កន្លងទៅនេះ ដែលលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញចូលរួមនោះលោកគ្រូ អ្នកគ្រូ ក៏បានអញ្ជើញ លោកអភិបាលខេត្ត ទៅពិនិត្យអគារសាលាបឋមសិក្សាឃុំថ្មីជាក់ស្តែង ដើម្បីឱ្យលោកមានវិធានការជួយជួសជុលកសាងឡើងវិញ ដើម្បីឱ្យសិស្សបានបន្តចូលរៀនវិញ។
ជាក់ស្តែងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោកអភិបាលខេត្តព្រះវិហារ ក៏បានដឹកនាំក្រុមការងាយុវជន ស.ស.យ.ក សហការជាមួយអាជ្ញាធរមូលដ្ឋាន បានធ្វើការជួសជុលអគារនេះឡើងវិញ ដោយជួសជុលជញ្ជាំង ដំបូល និងចាក់សាប ដោយចំណាយអស់ថវិកាសរុបចំនួន១៣លានរៀល ដែលធ្វើឱ្យពួកគាត់ ក៏ដូចជាអាណាព្យាបាលសិស្សទាំងអស់ មានក្តីត្រេកអររំភើបជាពន់ពេក និងសូមគោរពជូនពរលោកអភិបាលខេត្តព្រះវិហារ មានសុខភាពល្អ ដើម្បីបន្តដឹកនាំខេត្តព្រះវិហារ ឱ្យកាន់តែមានការអភិវឌ្ឍន៍រិកចម្រើនគ្រប់វិស័យថែមទៀត៕