(សៀមរាប)៖ លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប បានស្នើដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធ ត្រូវចូលរួមសហការជាមួយមន្ទីរជំនាញ ដើម្បីផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធិភាព ស្របតាមគោលនយោបាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺការចុះបញ្ជីដីបង្ហើយ បរិយាកាសគ្មានវិវាទ និងការផ្តល់សេវាគាប់ចិត្តជូនដល់ប្រជាពលរដ្ឋ។
ការស្នើរយ៉ាងដូច្នេះរបស់លោក ហែន ពុទ្ធី នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីលោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរក្រុង ស្រុកចូលរួមផងដែរ។
ក្នុងឱកាសនោះ លោក ហ៊ី សាយ បានលើកឡើងថា វិស័យរៀបចំដែនដី និងនគរូបនីយកម្ម បានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ដោយមានគោលដៅរៀបចំទីក្រុង និងរៀបចំប្លង់គោលប្រើប្រាស់ដីរាជធានី-ខេត្ត និងផែនការប្រើប្រាស់ដីថ្នាក់ឃុំ សង្កាត់ ដើម្បីការអនុវត្តការប្រើប្រាស់ដីឲ្យចំទិសដៅ និងមានប្រសិទ្ធភាព ដោយផ្អែកលើបទប្បញ្ញត្តិជាច្រើននៅកម្ពុជា។
លោកបានបន្តថា ក្នុងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ លើការរៀបចំតំបន់រមណីយដ្ឋានអង្គរ និងបន្តការចុះបញ្ជីដីតំបន់បុរាណដ្ឋានមានចំនួន ១១,៥៥៩កន្លែង តាមការស្នើសុំចុះបញ្ជីរបស់អាជ្ញាធរជាតិអប្សរាផងដែរ។
លោក ហែន ពុទ្ធី បានវាយតម្លៃខ្ពស់ចំពោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និង សុរិយោដីខេត្ត ដែលជាសេនាធិការឲ្យក្រសួងរៀបចំដែនដី ក្នុងការអនុវត្តន៍កិច្ចប្រជុំចុះបញ្ជីក្បាលដីរបស់ប្រជាពលរដ្ឋតាមមូលដ្ឋានកន្លង ទទួលបានលទ្ធផលផ្លែផ្កាគួរឲ្យកត់សម្គាល់ ដែលជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងផ្នែកលើគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ។
លោក ហែន ពុទ្ធី បានលើកឡើងថា គោលនយោបាយជាតិ ស្តីពីការរៀបចំដែនដី ការងាររៀបចំដែនដី និងនគរូបនីយកម្ម ត្រូវបានជំរុញ និងលើកកំពស់ការគាំទ្ររដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅធានាការប្រើប្រាស់ដីការអភិវឌ្ឍដី និងការគ្រប់គ្រងដីតាមផែនការរៀបចំដី និងផែនការប្រើប្រាស់ដី ប្រកបដោយសមធម៌ សមភាពយេនឌ័រ ព្រមទាំងការពារ និងគាំទ្រដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ដើម្បីឆ្លើយតបឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពនៃការអភិវឌ្ឍន៍ខេត្ត ព្រមទាំងកំណើនប្រជាពលរដ្ឋក្នុងខេត្តផងដែរ។
លោកក៏បានលើកនូវអនុសាសន៍ល្អៗមួយចំនួន ដល់មន្ត្រីប្រតិបត្តិនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រមទាំងភូមិបាលក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តលើការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
ចំពោះកត្តាសំខាន់លើការគ្រប់គ្រងស្ថានភាពឲ្យច្បាស់លាស់ ក្នុងការចុះបញ្ជីដីធ្លីនៅដីតំបន់៣ និងតំបន់២នៃបឹងទន្លេសាប ព្រមទាំងការស្នើសុំចុះបញ្ជីដីធ្លី នៅតំបន់បុរាណដ្ឋានរបស់អាជ្ញាធរជាតិអប្សរា និងការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋឲ្យបានរួចរាល់ នៅក្នុងឆ្នាំ២០២៥ ខាងមុខនេះផងដែរ៕