(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោក បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្មនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គ-លេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ដ.ន.ជ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងឆ្លងសេចក្ដីព្រាងផែនការរៀបចំដែនដីខេត្តស្វាយរៀង។
កិច្ចប្រជុំនេះមានការចូលរួមពីលោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង និងលោក Richard Mabbitt ប្រធានក្រុមទីប្រឹក្សាបច្ចេកទេស នៃធនាគារអភិវឌ្ឍន៍អាស៊ី និងលោក លោកស្រី តាមបណ្ដាមន្ទីរនានាជុំវិញខេត្ត និងលោក លោកស្រី អភិបាល អភិបាលរង ស្រុក ក្រុង និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះលោក ប៉េង ពោធិ៍សា បានកោតសរសើរ និងអរគុណចំពោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានសហការ និងសម្របសម្រួលក្នុងការរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឡើង ដើម្បីធ្វើការពិនិត្យ និងសម្រេចចុងក្រោយក្នុងក្របខ័ណ្ឌបច្ចេកទេស មុននឹងដាក់ជូនក្រុមប្រឹក្សាខេត្តពិនិត្យ និងអនុម័ត រួចបញ្ជូនទៅគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិដើម្បីស្នើសុំរាជរដ្ឋាភិបាលសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការដោយអនុក្រឹត្យ តាមនីតិវិធីកំណត់។
លោកបានបន្តថា ក្នុងនាមជាប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តស្វាយរៀង សូមថ្លែងនូវការអរគុណជាអនេក ចំពោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី ដែលកន្លងមកនេះ បានដឹកនាំសម្របសម្រួល និងគាំទ្រ ជាពិសេសលើផ្នែកបច្ចេកទេស តាមរយៈការចុះពិនិត្យផ្ទាល់ ក៏ដូចជាការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាច្រើនលើក ច្រើនសារ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រហូតនាំឲ្យយើងសម្រេចបាននូវឯកសារសេចក្ដីព្រាង ដែលមានភាពលម្អិត និងគ្រប់ជ្រុងជ្រោយ សម្រាប់យកមកប្រជុំពិនិត្យ និងឆ្លងខ្លឹមសារនាថ្ងៃនេះ ។
លោកបានបន្ថែមថា ផែនការរៀបចំដែនដី គឺជាឯកសារយុទ្ធសាស្ត្រគោលនយោបាយសំខាន់មួយ ដែលផ្តល់នូវចក្ខុវិស័យ និងគោលដៅអភិវឌ្ឍរយៈពេលវែងសម្រាប់រយៈពេល ២០ឆ្នាំខាងមុខ ក៏ដូចជាផ្តល់ទិសដៅជាក់លាក់សម្រាប់ការអភិវឌ្ឍដែនដីខេត្ត ដើម្បីធានាឲ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព ។
លោកបានបញ្ជាក់ថា ដើមឡើយខេត្តស្វាយរៀង គឺជាខេត្តដែលផ្ដោតជាសំខាន់លើការងារកសិកម្មជាធំ ប៉ុន្តែក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ ពោលគិតចាប់ពីឆ្នាំ២០០៥ ពេលដែលរាជរដ្ឋាភិបាលរៀបចំបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេសរចនាសម្ព័ន្ធនេះបានផ្លាស់ប្ដូរ និងមានការប្រែប្រួលជាគំហុក ផ្ទៃដីបង្កបង្កើនផលមួយចំនួននៅក្នុងវិស័យកសិកម្ម មានការប្រែប្រួល និងបានផ្លាស់ប្ដូរមុខងារ ពីដីបម្រើឲ្យការងារដាំដុះ ទៅជាដីបម្រើឲ្យការងារសាងសង់ និងផ្នែកឧស្សាហកម្ម។
លោកបានបន្តថា បើគិតមកដល់ពេលនេះ ក្នុងខេត្តស្វាយរៀងទាំងមូល យើងមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន ៩កន្លែង និងកំពុងរៀបចំ ៣កន្លែងថែមទៀត មានរោងចក្រ សហគ្រាស សរុបទាំងក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស ៣០៧កន្លែង ហើយបើយើងមើលពីសក្ដានុពល និងគម្រោងថ្មីៗរបស់រាជរដ្ឋាភិបាល ជាពិសេសគម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិត និងគម្រោងផ្លូវដែក ជាដើម។
លោកថា នាពេលខាងមុខនឹងធ្វើឲ្យមានការប្រែប្រួលនូវរចនាសម្ព័ន្ធសេដ្ឋកិច្ច ការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន ការបម្រើសេវាសាធារណៈ និងបម្រែបម្រួលទីប្រជុំជនថ្មីៗបន្ថែមទៀតនៅក្នុងខេត្តដូច្នេះ ផែនការរៀបចំដែនដីខេត្ត ដែលយើងបានរៀបចំនេះគឺពិតជាមានសារៈសំខាន់ណាស់ ដែលមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅក្នុងយុគសម័យនៃភាវូបនីយកម្មថ្នាក់តំបន់ និងសកលភាវូបនីយកម្មប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់ឲ្យនូវទិសដៅជាយុទ្ធសាស្ត្រ ដើម្បីកំណត់ទម្រង់នៃការអភិវឌ្ឍដែនដីខេត្តក្នុងរយៈពេល ២០ឆ្នាំខាងមុខ ដោយធានាបាននូវការផ្ដល់សេវាធារណៈដែលមានលក្ខណៈឆ្លើយតប ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព ក៏ដូចជារក្សាបាននូវតុល្យភាពរវាងការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយនិរន្តរភាព ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត មានសង្ឃឹម និងជឿជាក់ថា តាមរយៈការចូលរួមនេះនឹងទទួលបាននូវផែនការមួយដ៏ល្អប្រសើរ ដែលជាត្រីវិស័យនាំផ្លូវសម្រាប់ដំណើរការអភិវឌ្ឍ នាពេលអនាគតរបស់ខេត្ត ស្របតាមគោលនយោបាយដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
នៅក្នុងឱកាសនោះ លោក Richard Mabbitt ប្រធានក្រុមទីប្រឹក្សាបច្ចេកទេស នៃធនាគារអភិវឌ្ឍន៍អាស៊ី បានធ្វើបទបង្ហាញពីខ្លឹមសារសេចក្ដីព្រាងផែនការរៀបចំដែនដីខេត្តស្វាយរៀង ដែលក្រុមការងារបានរៀបចំកន្លងមកផងដែរ៕