(កំពង់ធំ)៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានសង្កេតឃើញព័ត៌មានតាមបណ្តាញហ្វេសប៊ុកថា នៅតំបន់អូរស្ងួត ភូមិសំរោង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងជាប់ព្រំប្រទល់ភូមិជាយក្រែង ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីលេងល្បែងស៊ីសងជល់មាន់ខុសច្បាប់។
ក្រោយពីបានពិនិត្យស្រាវជ្រាវស៊ើបអង្កេត ប្រកបដោយការយកចិត្តទុកដាក់តាមរយៈព័ត៌មាន នៃការចុះផ្សាយយើងឃើញថា ទីតាំងលេងល្បែងស៊ីសង ខាងលើពិតជាស្ថិតនៅក្នុងភូមិសាស្រ្តទឹកដីស្រុកសន្ទុក ខេត្តកំពង់ធំ ពិតប្រាកដមែន។
កន្លងមកកម្លាំងជំនាញក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត ចុះស្រាវជ្រាវបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើ បានចំនួន៣លើករួចមកហើយ ប៉ុន្តែដោយសារភូមិសាស្ត្រ មានភាពស្មុគស្មាញការក្តាប់ព័ត៌មានស៊ើបអង្កេតស្រាវជ្រាវបង្ក្រាបជួបការលំបាក ក្នុងការធ្វើដំណើរដោយឆ្លងកាត់ស្ទឹង (កំពង់ដ) អូរព្រៃ ជាតំបន់ដាច់ស្រយាលមានព្រំប្រទល់ជាប់នឹងភូមិសាស្ត្រ ខេត្តកំពង់ចាម និងមានចម្ងាយប្រហែល១២៦គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ។
ការបង្ក្រាបបទល្មើសល្បែងស៊ីសងខាងលើកន្លងមក សមត្ថកិច្ចនគរបាលចេញប្រតិបត្តិការបង្ក្រាប ត្រូវមានកិច្ចសហការឆ្លងកាត់ទឹកដី ភូមិសាស្ត្រខេត្តកំពង់ចាមមានចម្ងាយប្រហែល១៧០គីឡូម៉ែត្រ ទើបយើងទៅដល់ទីតាំងខាងលើ។
លោកឧត្តមសេនីយ៍ត្រីស្នងការ នឹងខិតខំយកចិត្តទុកដាក់ទំនាក់ទំនងសុំកិច្ចសហការជាមួយសមត្ថកិច្ចខេត្តកំពង់ចាម ដើម្បីប្រមូលព័ត៌មានស៊ើបអង្កេតបង្ក្រាបមេក្លោងបើកល្បែងស៊ីសង (ឈ្មោះ រ៉ាន់) និងអ្នកញៀនល្បែងផ្សេងទៀតកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ ដើម្បីធានាបានសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ៕