(កំពង់ធំ)៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំពិធីសំណេះសំណាលជាមួយយោធិនដែលធ្លាប់ជាមិត្តរួមអាវុធនិងរួមបំពេញការងារ រួមសុខរួមទុក្ខ ក្នុងសម័យសង្គ្រាម នាពេលកន្លងទៅត្រូវបានដាក់ឲ្យចូលសោធននិវត្តន៍ តាមការកំណត់របស់ក្រសួងការពារជាតិ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការគោរពដឹងគុណ និងស្រឡាញ់ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅជាទីបំផុតចំពោះបងប្អូនយោធិនទាំងចំនួន២៤រូប ដែលត្រូវបានក្រសួងការពារ ជាតិដាក់ឲ្យចូលសោធននិវត្តន៍ ប្រចាំឆ្នាំ២០២៤ នឹងបានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងត្រូវដាក់ពាក្យស្នើសុំចូលជាសមាជិកសមាគមអតីតយុទ្ធជន ដើម្បីបានទទួលការមើលថែទាំពីគណៈកម្មាធិការសមាគមអតីតយុទ្ធជន នៅគ្រប់លំដាប់ថ្នាក់ ក្នុងការជួយដោះស្រាយការលំបាកនានារបស់បងប្អូន ក្នុងពេលដែលបងប្អូនទៅរស់នៅជាជនស៊ីវិលនៅឯមូលដ្ឋានវិញ។
ជាមួយគ្នានេះ បងប្អូនត្រូវចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរដែនដីនៅគ្រប់លំដាប់ថ្នាក់ ព្រមទាំងចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ។
លោកបាននាំយកនូវស្បៀង អាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនយោធិន ដែលត្រូវចូលសោធននិវត្តន៍ទាំងចំនួន២៤រូប ដោយក្នុងម្នាក់ៗទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន១យួរ ត្រីខកំប៉ុងចំនួន១យួរ និងថវិកាមួយចំនួនផងដែរ។
លោកវរសេនីយ៍ត្រី ស្រី ចន្ធី តំណាងឲ្យយោធិនដែលត្រូវចូលសោធននិវត្តន៍ទាំង២៤រូប បានថ្លែងនូវការគោរពអរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលតែងតែយកចិត្តទុកដាក់ជួយដោះស្រាយនូវរាល់ការលំបាកជូនដល់យោធិន នៅក្នុងអង្គភាពនិងអតីតយុទ្ធ ជននៅក្នុងខេត្តកំពង់ធំ ប្រកបដោយគុណធម៌ និងមនោសញ្ចេតនាគោរពស្រឡាញ់៕