(តាកែវ)៖ លោក ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល តំណាងលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីប្រកាស ចូលកាន់តំណែងរបស់លោកឱសថការី ផាន់ វ៉ាន់ អនុប្រធានមន្ទីរសុខាភិបាល ជាប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ ជំនួសលោកវេជ្ជបណ្ឌិត នុត ស៊ីណាត ដែលត្រូវចូលនិវត្តន៍។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ លោកប្រធានក្រុមប្រិក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព និងមន្ត្រីបុគ្គលិកសុខាភិបាលជុំវិញខេត្តផងដែរ។
ថ្លែងនាឱកាសនោះលោក វ៉ី សំណាង បានកោតសរសើរមន្ត្រីសុខាភិបាលដែលបានខិតខំយកចិត្តទុកដាក់បំរើសេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋ និងបានជម្រុញដល់លោកប្រធានមន្ទីរសុខាភិបាលថ្មី ត្រូវបន្តចូលរួម សហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យល្អ ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ការផ្តល់សេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ មានប្រសិទ្ធភាព និងមិនរើសអើង ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
លោក ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានជំរុញមន្ត្រីសុខាភិបាល ត្រូវខិតខំយកចិត្តទុកដាក់បម្រើសេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ជាពិសេសត្រូវប្រកាន់ ភ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ ដោយប្រើឥរិយាបទនិងពាក្យសំដីឲ្យបានសមរម្យជាមួយអ្នកជំងឺស្របទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល៕