(សៀមរាប)៖ លោក កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំបើកកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលស៊ីមេអូធីត (7th GBM of SEAMEO TED) លើកទី៧ ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារសោមាទេវីអង្គរ ខេត្តសៀមរាប។
កិច្ចប្រជុំនេះក៏មានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលតំណាងប្រទេសក្នុងតំបន់ស៊ីមេអូ ទំាង១១ប្រទេស ដែលរួមមាន៖ ព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ ទីម័រឡេស្ត និងវៀតណាម ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណង៖ រាយការណ៍អំពីសមទ្ធផល និងសកម្មភាពសម្រេចបានក្នុងឆ្នាំកន្លងទៅជូនក្រុមប្រឹក្សាភិបាលពិនិត្យ និងជ្រាបជាព័ត៌មាន, ពិនិត្យ និងសម្រេចលើគោលនយោបាយ របស់មជ្ឈមណ្ឌល ដើម្បីធានានិរន្តរភាព នៃកិច្ចដំណើរការមជ្ឈមណ្ឌល និងវាយតម្លៃ និងអនុម័តលើគម្រោងថវិកាប្រចាំឆ្នាំរបស់មជ្ឈមណ្ឌល។
ថ្លែងក្នុងពិធីបើក លោក កុលផេង វឌ្ឍនា បានស្វាគមន៍សមាជិកក្រុមប្រឹក្សាភិបាលទាំង១១ប្រទេស ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដែលឆ្លុះបញ្ចាំងពីតួនាទី ស្នូលរបស់មជ្ឈមណ្ឌលលើការអប់រំបច្ចេកទេសនៅតាមវិទ្យាល័យបច្ចេកទេស និងវិជ្ជាជីវៈក្នុងតំបន់ ហើយនេះក៏ជាការរួមចំណែករបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតមជ្ឈមណ្ឌលនេះឡើង ដើម្បីបម្រើផលប្រយោជន៍តំបន់ទាំង១១ប្រទេស។
លោក កុលផេង វឌ្ឍនា ក៏បានសង្កត់ធ្ងន់ថា ជំនាញឌីជីថលកំពុងជំរុញការប្រកួតប្រជែងនៅក្នុងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ដូច្នេះហើយស្ថាប័ន TVET រួមទាំងវិទ្យាល័យ និងមហាវិទ្យាល័យ ត្រូវតែប្រើប្រាស់បច្ចេកវិទ្យាថ្មីៗឱ្យបានល្អបំផុត ដើម្បីផ្តល់ការអប់រំប្រកបដោយគុណភាព។ លោកក៏បានលើកឡើងអំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដែលផ្តោតលើការអភិវឌ្ឍមនុស្ស ផ្លូវ អគ្គិសនី ទឹក និងបច្ចេកវិទ្យា។
ក្រសួងបានធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យអប់រំ ដោយផ្តោតលើការអភិវឌ្ឍសាលាគំរូ ការអភិវឌ្ឍគ្រូបង្រៀន ការអប់រំបែបឌីជីថល បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ការលើកកម្ពស់សុខភាពសិក្សា និងការអភវិឌ្ឍយុវជនស្របតាមបំណិនសតវត្សទី២១។ លោកជឿជាក់ថា ការអប់រំផ្លាស់ប្តូរជីវិត សហគមន៍ និងពិភពលោក។ បើគ្មានការអប់រំទេ ពិភពលោកនឹងមានភាពអនាធិបតេយ្យ។ តាមរយៈការអប់រំ យើងអាចផ្លាស់ប្តូរពិភពលោកពីភាពងងឹតទៅភ្លឺថ្លាបាន និងពីភាពអស់សង្ឃឹមទៅជាភាពមានសង្ឃឹមបាន៕