(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកបណ្ឌិត Zhan David នាយកប្រតិបត្តិ និងជាតំណាងក្រុមហ៊ុន Cambodia Angkor Air និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជម្រាបជូនពីស្ថានភាពអាជីវកម្មក្រុមហ៊ុន បញ្ហាប្រឈម និងស្នើសុំអនុសាសន៍លើគម្រោងផែនការអាជីវកម្មរបស់ក្រុមហ៊ុននាឆ្នាំខាងមុខ ដែលគ្រោងបង្កើន និងបន្ថែមជើងហោះហើរត្រង់ទីក្រុងធំនានានៅប្រទេសចិន និងជើងហោះហើរក្នុងស្រុក ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈការផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរដល់ភ្ញៀវទេសចរបរទេស និងចិនមកទស្សនាប្រទេសកម្ពុជា។
ជំនួបនេះធ្វើឡើងនារសៀលថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍។
ក្នុងជំនួបនេះ ក្រុមហ៊ុនបានគោរពស្នើសុំប្រគល់យន្តហោះថ្មីមួយគ្រឿងក្នុងចំណោមយន្តហោះចំនួន៥គ្រឿង ដែលក្រុមហ៊ុននឹងទិញជូនក្រសួងទេសចរណ៍ប្រសិទ្ធនាម និងដាក់ស្លាកផ្សាយពាណិជ្ជកម្មលើតួយន្តហោះ ហើយក្រសួង ក៏បានឯកភាពតាមសំណើរបស់ក្រុមហ៊ុន។
លោកបណ្ឌិតក៏សូមសន្យាជូនលោករដ្ឋមន្រ្តីនឹងជួយបន្តផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជាដល់ប្រជាជនចិនឱ្យបានទូលំទូលាយ និងរៀបចំវេទិកាជំនួបធុរកិច្ចរវាងអ្នកវិនិយោគិនចិន ដើម្បីទាក់ទាញវិនិយោគបន្ថែមពីប្រទេសចិននៅកម្ពុជា៕