(កំពង់ចាម)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញទស្សនា និងពិនិត្យមើលទិដ្ឋភាពជាក់ស្តែងនៅរមណីយដ្ឋានភ្នំប្រុសភ្នំស្រី ស្ថិតនៅស្រុកកំពង់សៀម និងរមណីយដ្ឋានទឹកឆា នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។
លោករដ្ឋមន្ត្រី ហួត ហាក់ បានចូលទស្សនា និងពិនិត្យមើលទិដ្ឋភាពជាក់ស្តែងនូវភ្នំប្រុស ភ្នំស្រី ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏មានសក្តានុពលទេសចរណ៍ទាក់ទងនឹងរឿងព្រេងបុរាណខ្មែរ គឺរឿងភ្នំប្រុសភ្នំស្រី ជាពិសេសមានភ្នំ ប្រាសាទបុរាណ ស្តូប កំពុងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅកម្សាន្តជាហូរហែ មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ដែលមានចម្ងាយប្រមាណ៧គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ចាម។
លោករដ្ឋមន្ត្រីក៏បានបន្តទៅទស្សនា និងពិនិត្យមើលទិដ្ឋភាពជាក់ស្តែងនូវរមណីយដ្ឋានទឹកឆា ដែលជារមណីយដ្ឋានមួយដ៏ទាក់ទាញបំផុតនៅក្នុងខេត្តកំពង់ចាម ដោយសារជាបឹងធម្មជាតិដ៏ធំ មានប្រភពទឹកផុសពីក្នុងដី ដែលអាចឱ្យភ្ញៀវទេសចររីករាយ ក្នុងការលេងទឹកកម្សាន្ត បានគ្រប់រដូវ មានទីតាំងស្ថិតនៅភូមិថ្មី ឃុំក្រូច និងភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម៕