(ភ្នំពេញ)៖ លោកបណ្ឌិត សំ សិទ្ធិសេរី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ បានថ្លែងលើកទឹកចិត្ត ឱ្យជំរុញកូន-ក្មួយ ចាប់យកជំនាញឌីជីថល ដើម្បីចូលក្នុងរបត់ថ្មី នៃសេដ្ឋកិច្ច។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «មគ្គទេសក៍បន្ថែមរបស់អាស៊ាន ស្តីពីអភិបាលកិច្ច និងសីលធម៌បញ្ញាសិប្បនិម្មិត សម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា» ដែលរៀបចំធ្វើឡើង នាទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន, លោកបណ្ឌិត សំ សិទ្ធិសេរី បានបញ្ជាក់យ៉ាងដូច្នេះថា «សូមលើកទឹកចិត្តឱ្យជំរុញកូនក្មួយ ឱ្យចាប់យកជំនាញឌីជីថល ទាំងបញ្ញាសិប្បនិម្មិត និងជំនាញផ្សេងៗ ស្របពេលដែលក្រសួងមានអាហារូបករណ៍ និងកម្មវិធីមិនគិតការប្រាក់ ដើម្បីចូលក្នុងរបត់ថ្មីនៃសេដ្ឋកិច្ច»។
បន្ថែមពីនោះទៀត លោកបណ្ឌិត សំ សិទ្ធិសេរី បានជំរុញដល់វិស័យឯកជន សូមអញ្ជើញតាមដាន និងចូលរួមការងារអភិបាលកិច្ច បញ្ញាសិប្បនិម្មិត និងការអភិវឌ្ឍអេកូស៊ីស្ទែម បញ្ញាសិប្បនិម្មិត ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលនឹងមានជាបន្តបន្ទាប់។
លោកបណ្ឌិត សំ សិទ្ធិសេរី បានប្រាប់ដល់សាធារណជន ឲ្យសូមស្វែងយល់ពីបញ្ហាសិប្បនិម្មិត និងប្រើប្រាស់ដើម្បីជាប្រយោជន៍។ ប្រកាន់ផ្នត់ គំនិតមួយថា «គ្មានអ្វីដែលរៀនមិនបាននោះទេ» ទោះមុខរបរអ្វី អាយុប៉ុន្មាន សុទ្ធតែអាចបង្កើន ចំណេះដឹងឌីជីថល។
ទន្ទឹមគ្នានេះ លោកបណ្ឌិត សំ សិទ្ធិសេរី ក៏ប្រាប់ឲ្យសូមប្រុងប្រយ័ត្នផងដែរ ដោយមិនត្រូវជឿលើអ្វីៗ ដែលចេញពី AI ដោយមិនបានវិនិច្ឆ័យឱ្យច្បាស់លាស់ទេ គឺត្រូវស្វែងរកប្រភពដើម នៃព័ត៌មាន និងប្រភពផ្លូវការមុននឹង សន្និដ្ឋានលើអ្វីមួយ ដែលឃើញលើអ៊ីនធឺណិត។
បើតាមការបញ្ជាក់របស់លោក ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ការសិក្សារបស់ McKinsey ថា Generative AI អាចចាក់បញ្ចូល ២.៦-៤.៤.ទ្រីលានដុល្លារ ក្នុងសេដ្ឋកិច្ចពិភពលោក ក្នុងមួយឆ្នាំៗ ត្រឹមឆ្នាំ២០៤០។
លោក ខូវ មករា បានបន្ថែមទៀតថា ការសិក្សារបស់ Kearney ថា AI អាចឱ្យ GDP បណ្តាប្រទេសអាស៊ានកើន ក្នុងចន្លោះពី១០ ទៅ ១៨% ត្រឹមឆ្នាំ២០៣០។ ស្របពេល ក្រុមហ៊ុនធំៗ និងពិភពលោក ចាប់ផ្តើមវិនិយោគ និង «ប្រណាំង» គ្នា ដើម្បីការពារនិងបង្កើនសមត្ថ ភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និង នយោបាយ។
ទន្ទឹមនឹងផលប្រយោជន៍ច្រើន ហានិភ័យក៏ច្រើនផងដែរ ដោយលោក ខូវ មករា បានលើកឡើងថា Deepfake ការឆបោក សន្តិសុខសាយបរ ការប៉ះពាល់កម្មសិទ្ធិបញ្ញា ផលប៉ះពាល់លើទីផ្សារការងារ។
ជាមួយគ្នានេះ លោក ខូវ មករា បានបញ្ជាក់ថា ការជួបជុំគ្នានេះ ដើម្បីពិគ្រោះយោបល់លើ Expanded ASEAN Guide on AI Governance and Ethics និងដើម្បីជាការប្រាស្រ័យទាក់ទង ជាផ្លូវការលើកដំបូង រវាងតួអង្គអភិបាលកិច្ចបញ្ញាសិប្បនិម្មិតទាំងក្នុងវិស័យសាធារណៈ វិស័យឯកជន វិស័យសិក្សាអប់រំ និងសង្គមស៊ីវិល។
លោក ខូវ មករា ក៏សូមលើកទឹកចិត្ត ឱ្យភាគីពាក់ព័ន្ធទាំងអស់ សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការបំពេញការងារនេះ ដោយជោគជ័យ ហើយក្រសួង ក៏នឹងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យមើលពីលទ្ធភាពសហការតាមវិស័យនីមួយៗ៕