(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន គឺតែងតែផ្ដោតការយកចិត្ដទុកដាក់នៅក្នុងការអភិវឌ្ឍសា្ថប័នកាកបាទក្រហមកម្ពុជា ឱ្យទៅជាស្ថាប័នសមាគមន៍ជាតិមួយ មានដំណើរការល្អ ហើយក្នុងនោះក៏បានផ្ដោតសំខាន់ទៅលើកការពង្រឹង និងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្ដយុវជនកាកបាទក្រហមកម្ពុជាផងដែរ។
តាមរយៈកិច្ចសម្ភាសជាង ២៣នាទី របស់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ជាមួយបណ្ដាញព័ត៌មាន Fresh News បានឱ្យដឹងថា យុវជនអ្នកស័្មគ្រចិត្ដកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្ដវ័យក្មេង ហើយក៏ជាសមាសភាពមួយនៃចំនួន អ្នកស្ម័គ្រចិត្ដនៅទូទាំងសកលលោក ដែលបច្ចុប្បន្នមានចំនួន ជាង១៦លាននាក់។
លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងបន្ដថា «ក្នុងការងារមនុស្សធម៌ យុវជនកាកបាទក្រហមកម្ពុជា គឺចូលរួមចំណែកជាមួយនឹងសមាគមជាតិ ដោយកាកបាទក្រហមកម្ពុជា គឺជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះបំផុត តាមរយៈការផ្ដល់សេវាមនុស្សធម៌ ហើយទៅតាមអាណត្តិ និងបេសកកម្មដែលមានចែង ជាពិសេសគឺមួយអាណត្ដិទៅៗយើងតែងតែមានយុទ្ធសាស្ដ្រ ហើយដោយបច្ចុប្បន្ននេះ គឺយើងអនុវត្ដន៍នូវយុទ្ធសាស្ដ្រ ២០២១-២០៣០ ដែលយុទ្ធសាស្ដ្រនេះ គឺមានការងារអាទិភាពចំនួន ៤សំខាន់ ហើយអ្វីដែលជាតួនាទី និងភារៈកិច្ចរបស់យុវជននោះ គឺការអនុវត្ដន៍មិត្ដអប់រំមិត្ដ និងមិត្ដជួយមិត្ដ»។
ដើម្បីជ្រាបកាន់តែច្បាស់ពីតួនាទី ឬភារកិច្ចរបស់យុវជនកាកបាទក្រហមកម្ពុជា ក្នុងការងារមនុស្សធម៌ សូមលោកអ្នកនាង អញ្ជើញទស្សនាកិច្ចសម្ភាសរបស់លោកស្រី ម៉ែន នារីសោភ័គ ដែលមានដូចតទៅ៖