(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងឱ្យដឹងថា ករណីឆ្លងថ្មីនៃមេរោគអេដស៍កន្លងមកមានរហូតដល់ទៅជាង ៤០០ករណីឆ្លងថ្មីនៅក្នុងមួយថ្ងៃ បានថយចុះមកត្រឹមតែមួយថ្ងៃ ៣-៤ករណីឆ្លងថ្មីតែប៉ុណ្ណោះក្នុងមួយថ្ងៃៗ។ ត្បិតណាស់ថាមានចំនួនធា្លក់ចុះនៃការឆ្លងថ្មីនៃមេរោគអេដស៍ ប៉ុន្ដែត្រូវតែបន្ដប្រុងប្រយ័ត្ន និងប្រឹងប្រែងរួមគ្នាប្រយុទ្ធនឹងមេរោគអេដស៍នេះ ដើម្បីកាត់បន្ថយករណីឆ្លងថ្មីបន្ថែមទៀត។
ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យវឌ្ឍនភាព និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិក នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងប្រធានមជ្ឈមណ្ឌលជាតិ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
លោកសាស្ត្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងបន្ដថា «មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគ បានដើរតួយ៉ាងសំខាន់ក្នុងវិស័យសុខាភិបាល ក្នុងកិច្ចការងារខាងលើនេះ ហើយក៏បានបង្ហាញនូវភាពជោគជ័យនេះទាំងលើឆាកជាតិ និងអន្តរជាតិ ដែលបានចូលរួមចំណែកការកាត់បន្ថយករណីឆ្លងថ្មីនៃមេរោគអេដស៍ ប្រមាណជា ៣ ទៅ ៤ករណីក្នុងមួយថ្ងៃនេះ ចាប់តាំងពីក្នុងឆ្នាំ២០២៣មក»។
លោកសាស្ត្រាចារ្យរដ្ឋមន្ដ្រី បានជំរុញលើកទឹកចិត្ត ឱ្យមជ្ឈមណ្ឌលជាតិមួយនេះ បន្ដពង្រឹងកិច្ចសហប្រតិការជាមួយអង្គការដៃគូទាំងអស់ ដើម្បីធ្វើការរួមគ្នាក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងថ្មីនៃមេរោគបន្ថែមទៀត ចៀសវាងនូវការការឆ្លងរាលដាលខ្លាំង នឹងនាំមកនូវផលវិបាកធ្ងន់ធ្ងរដល់សង្គម ដូចជា បញ្ហាមរណៈភាព បន្សល់នូវក្មេងកំព្រា និងឆ្លងទៅកូនចៅជំនាន់ក្រោយៗ ដែលជាបញ្ហាគម្រាមកំហែងដល់សុខភាពសាធារណៈនៅកម្ពុជាយើង។
ក្នុងឱកាសនោះដែរលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដើម្បីអនុវត្តការងារប្រចាំថ្ងៃ ឱ្យមានប្រសិទ្ធភាពបន្ថែមទៀតដូចជា៖
* សូមបេ្តជ្ញាចិត្តក្នុងការកាត់បន្ថយអត្រានៃការឆ្លងមេរោគអេដស៍/ជំងឺអេដស៍
* លើកទឹកចិត្ដ ក្នុងការផ្តល់ការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់
* ត្រៀមលក្ខណៈបង្កើនការផ្សព្វផ្សាយ និងរំលេចសកម្មភាពថ្មីៗ អំពីការអប់រំសុខភាពពីជំងឺអេដស៍ ក្នុងពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ
* ផ្សារភ្ជាប់យុទ្ធសាស្រ្តជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
* សូមប្រែក្លាយការណែនាំ ទៅជាសកម្មភាព។
លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានលើកទឹកចិត្តដល់មន្រ្តី និងបុគ្គលិក ត្រូវខិតខំពង្រឹងសមត្ថភាពបន្ថែមទៀតតាមរយៈការបណ្តុះបណ្តាលផ្នែកជំនាញ និងបច្ចេកទេស ព្រមទាំងចែករំលែកចំណេះដឹង រវាងគ្នានិងគ្នា ចេះស្រឡាញ់រាប់អានគ្នា សាមគ្គីភាពកាន់តែជាធ្លុងមួយ និងចែករំលែកបទពិសោធន៍គ្នា ដើម្បីបន្តបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងារថែមទៀត។
សូមជម្រាបថា ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិក នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ លោកសាស្រ្តាចារ្យរដ្ឋន្រ្តី ក៏បានជួបសួរសុខទុក្ខប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលសេវានៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ក្នុងបំណងស្វែងយល់ការបម្រើសេវារបស់មន្រ្តីសុខាភិបាល ទាំងទទួលបដិសណ្ឋាកិច្ច បច្ចេកទេសព្យាបាល និងក្រមសីលធម៌វិជ្ជាជីវៈ។ ទន្ទឹមនឹងនោះលោកសាស្ដ្រាចារ្យ ឈាង រ៉ា ក៏បានណែនាំឱ្យប្រជាពលរដ្ឋដែលមកទទួលសេវា ត្រូវថែទាំសុខភាពរបស់ខ្លួនឱ្យបានល្អ ទាំងសុខភាពផ្លូវកាយ និងជាពិសេសសុខភាពផ្លូវចិត្ត ព្រមទាំងអញ្ជើញមកជួប ឬពិគ្រោះទៀងទាត់ជាមួយក្រុមគ្រូពេទ្យតាមពេលវេលាកំណត់៕