(ឧត្តរមានជ័យ)៖ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងជាប្រធានអនុគណៈកម្មការផ្តល់ពាក្យ ទទួលពាក្យ និងរៀបចំមណ្ឌលប្រឡង បានថ្លែងណែនាំដល់ក្រុមការងារបច្ចេកទេស ប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៤ ត្រូវបំពេញការងាររបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ច្បាស់លាស់ ប្រកបដោយតម្លាភាព ប្រសិទ្ធភាពខ្ពស់ ស្របតាមគោលការណ៍ដឹកនាំរបស់ក្រសួងមហាផ្ទៃ។
លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តឧត្តរមានជ័យ បានលើកឡើងដូចនេះនាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច របស់ក្រសួងមហាផ្ទៃ ស្ដីពីការចាត់តាំងសមាសភាពអនុគណៈកម្មការនិងក្រុមការងាររៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ បំពេញជួសប្រចាំឆ្នាំ២០២៤ ឲ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលក្រុង ស្រុក និងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ។
សូមបញ្ជាក់ថា កាលបរិច្ឆេទការផ្តល់ពាក្យប្រឡងគឺចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ និងការទទួលពាក្យប្រឡងចាប់ពីថ្ងៃទី២៨ ខែតុលា រហូតដល់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រៀងរាល់ម៉ោងធ្វើការនៅស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ៕