(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា ជារៀងរាល់ឆ្នាំ និស្សិតកម្ពុជា ចំនួនចន្លោះពី៥០ ទៅ១០០នាក់ បានទៅបន្តកម្មសិក្សាជំនាញឯកទេសផ្សេងៗ នៅតាមបណ្តាមន្ទីរពេទ្យនានានៃប្រទេសបារាំង។ ជាសរុបនិស្សិតកម្ពុជា ១១៤៣នាក់ (រាប់បញ្ចូលទាំងនិស្សិត ១១៥នាក់នៃឆ្នាំ២០២៤) បានទៅបំពេញកម្មសិក្សាកម្រិតខ្ពស់នេះចាប់ពីឆ្នាំ១៩៩៦មក។
នេះបានបង្ហាញឱ្យឃើញថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំង បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល។ ការថ្លែងបែបនេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសអញ្ជើញក្នុងពិធីអបអរការដល់និស្សិតជ័យលាភីផ្នែកវេជ្ជសាស្រ្តសញ្ញាប័ត្រ DFMS/DFMSA ត្រៀមទៅសិក្សានៅប្រទេសបារំាង នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅស្ថានទូតបារាំងប្រចាំកម្ពុជា ដោយមានវត្ដមានលោកដោយផ្ទាល់ពីលោក Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា។
លោកសាស្រ្តាចារ្យ ឈាង រ៉ា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បាននិងកំពុងខិតខំលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ ដោយបានយកចិត្តទុកខ្ពស់លើការពង្រឹងសមត្ថភាពគ្រូពេទ្យ តាមរយៈការបណ្តុះបណ្តាលបន្ត និងអភិវឌ្ឍគុណភាពនៃការថែទាំ សមត្ថភាពក្នុងការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការជួយជ្រោមជ្រែងចាំបាច់នានាដល់អ្នកជំងឺ និងក្រុមគ្រួសារ ដែលការថែទាំព្យាបាលផ្តោតលើអ្នកជំងឺ (soins centrés sur le patient)។
ឆ្លៀតក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួនដល់ប្អូនៗនិស្សិត ដែលត្រៀមទៅសិក្សានៅប្រទេសបារាំងផងដែររួមមាន៖
១៖ សូមថែរក្សាសុខភាព ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ហើយសូមគិតថាសុខភាពរបស់ប្អូនៗ គឺជាមរតកសំខាន់ជាងគេ មិនអាចកាត់ថ្លៃបានឡើយ។
២៖ សូមខិតខំសម្របទៅនឹងបរិស្ថានថ្មី និងវប្បធម៌ថ្មី ដោយចែករំលែកនូវវប្បធម៌កម្ពុជា ប្រកបដោយការគោរព និងសមធម៌។
៣៖ រក្សា និងពង្រឹងអាកប្បកិរិយាវិជ្ជមាន និងទម្លាប់ល្អៗរបស់ប្អូនៗ ក្នុងអំឡុងនៃការសិក្សា។ សូមចែករំលែក អ្វីៗទាំងអស់នេះ ជាមួយសហសេវិកប្អូនៗនៅប្រទេសបារំាង។ លោកបានគូសរម្លឹកថា ជនជាតិខ្មែរត្រូវបានគេស្គាល់ថាជាប្រជាពលរដ្ឋមួយ ដែលមានភាពរស់រាយរាក់ទាក់ និងស្រលាញ់សន្តិភាព។ ប្រទេសកម្ពុជាត្រូវបានគេស្គាល់ថាជាទឹកដីនៃភាពញញឹម និងសន្តិភាព។
៤៖ សូមបន្តសិក្សា និងស្រូបចំណេះដឹងថ្មីៗទៅតាមជំនាញដែលប្អូនៗបានជ្រើសរើស ក៏ដូចជានៅក្នុងផ្នែកនានាដែលពាក់ព័ន្ធ។ គ្រូពេទ្យដ៏ល្អមួយរូបក៏ជាអ្នកពូកែប្រាស្រ័យទាក់ទងមួយរូប ជាគ្រូដ៏ល្អ ជាអ្នកបង្ហាញផ្លូវដ៏ល្អ និងជាអ្នកអមដំណើរដ៏ល្អប្រពៃសម្រាប់អ្នកជំងឺ ក៏ដូចជាសង្គមជាតិទាំងមូល។
ជាមួយគ្នានេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលបារាំង ជាពិសេសសហសេវិកដែលជានាយកមន្ទីរពេទ្យសាកលវិទ្យាល័យ សាស្រ្តាចារ្យ ប្រធានផ្នែក ដែលទទួលស្វាគមន៍ និងជួយណែនាំនិស្សិតរបស់កម្ពុជា ប្រកបដោយការយកចិត្តទុកដាក់ និងភាពរីករាយ នៅតាមបណ្តាផ្នែកនានារបស់ពួកគេក្នុងអំឡុងឆ្នាំនានានៃការបណ្តុះបណ្តាល និងសូមជូនពរដល់ប្អូននិស្សិតទាំងអស់ទទួលបានជោគជ័យក្នុងការសិក្សា៕