(កំពង់ចាម)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ និងថ្នាក់ដឹកនាំខេត្តកំពង់ចាម រួមជាមួយប្រតិភូអមដំណើរ នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៤ បានអញ្ជើញកាត់ខ្សែបូរ ដាក់ឲ្យដំណើរការជាផ្លូវការស្តង់ពិព័រណ៍សមិទ្ធផលរបស់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត ស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចេញព្រះវស្សា។
សូមបញ្ជាក់ថា រដ្ឋបាលខេត្ត បានរៀបចំការតាំងពិព័រណ៍សមិទ្ធផល របស់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងការប្រគុំតន្ត្រីមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧-១៨ ខែតុលា ឆ្នាំ២០២៤។
ចំពោះការប្រណាំងទូក បើតាមការបញ្ជាក់របស់ លោក អ៊ុន ចាន់ដា អភិបាលខេត្ត ការប្រកួតរយ:ពេល១ថ្ងៃ នេះ មិនមែនជាការធ្វើសង្គ្រាម ជាមួយគ្នានោះទេ គឺជាការសាកល្បងសមត្ថភាពបច្ចេកទេសរបស់ទូក និងចូលរួមអបអរសាទរពិធីបុណ្យចេញព្រះវស្សា ការថែរក្សាប្រពៃណី វប្បធម៌ និងបង្កើតបរិយាកាសរីករាយ ជូនបងប្អូនប្រជាពលរដ្ឋ។ សម្រាប់កីឡាករប្រណាំងទូកដែលមកចូលរួមក្នុងពេលនេះ ការចាញ់-ឈ្នះ គ្រាន់ជាមេរៀន និងបទពិសោធន៍សម្រាប់ ការត្រៀមហ្វឹកហាត់បន្ថែមទៀត ដើម្បីដណ្ដើមយកជ័យលាភី និងកិត្តិយសជូនភូមិស្រុក នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញខាងមុខ។
ជាមួយគ្នានេះដែរ ក្នុងព្រឹត្តិការណ៍ប្រណាំងទូកនេះ គេសង្កេតឃើញ អាជ្ញាធរខេត្ត បានរៀបចំយ៉ាងហ្មត់ចត់ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាព ដើម្បីបង្ករឲ្យប្រជាពលរដ្ឋ សប្បាយរីករាយ។ លុះដល់ពេលរាត្រី ក៏មានការរៀបចំបណ្ដែតប្រទីប និងអុចកាំជ្រួចយ៉ាងស្រស់បំព្រង ជូនទស្សនាផងដែរ ៕