(នូវ៉ែលហ្សេឡង់)៖ រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ បណ្ឌិត កៅ ថាច ប្រធានក្រុមការងារតំបន់៥ (ទីក្រុងហាមីលតុន- ហុកស្បេ-អូក្លិន ប្រចាំប្រទេសនូវ៉ែលហ្សេឡង់) បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំជាមួយក្បាលម៉ាស៊ីនថ្នាក់ដឹកនាំ គណៈកម្មាធិការសាខាគណបក្ស និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំទីក្រុងហាមីលតុន ដើម្បីធ្វើការណែនាំ បែបបទក្នុងការបំពេញការងារ និងណែនាំឱ្យធ្វើការពង្រីកសមាជិក ឱ្យបានកាន់តែច្រើនបន្ថែមទៀត។

ក្នុងឱកាសនោះ, លោកបណ្ឌិតបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សមាជិកបក្សប្រចាំទីក្រុងហាមីលតុន ដែលបានខិតខំបំពេញការងារបានយ៉ាងល្អ ក្នុងការកៀរគររកសមាជិក និងបានពង្រីកសមាជិកបក្ស បានកើនឡើង គួរឱ្យកត់សម្គាល់។

លោកបណ្ឌិតបានបន្តលើកទឹកចិត្តឱ្យបងប្អូន ខិតខំបន្ថែមទៀត ក្នុងការស្វែងរកសមាជិកថ្មីៗ និងសូមជួយចូលរួមផ្សព្វផ្សាយអំពីអំពើល្អ, គុណសម្បត្តិ, ស្នាដៃ និងសមិទ្ធផល របស់គណបក្សប្រជាជនកម្ពុជាឱ្យបានទូលំទូលាយ។

បន្ថែមពីលើនេះ, លោកបណ្ឌិត បានចែករំលែកនូវសភាពការណ៍នយោបាយថ្មីៗ ដែលកំពុងកើតមាននៅកម្ពុជា និងបានផ្សព្វផ្សាយអំពីសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលសម្រេចបាន ១ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចបវរធិបតី ហ៊ុន មាណែត ជានាយករដ្ឋមន្ត្រី ជូនដល់បងប្អូនបានជ្រាប។

ដើម្បីបំពេញបន្ថែមនូវចំណេះដឹងជូនដល់បងប្អូន, លោកបណ្ឌិត កៅ ថាច បានធ្វើបទឧទ្ទេសនាម ដោយផ្តោតលើចំនុចសំខាន់មួយចំនួន ស្តីពី បុព្វហេតុ សមិទ្ធផល និងបណ្តាមេរៀនជាប្រវត្តិសាស្ត្រ និងគោលការណ៍ជាសារវន្ដមួយចំនួន ដើម្បីកសាងបក្សប្រជាជនកម្ពុជា និងអំពីរចនាសម្ព័ន្ធ និងខ្សែរយៈចាត់តាំងរបស់គណបក្ស ដើម្បីផ្តល់ជាសញ្ញាណ និងជាមូលដ្ឋានសម្រាប់ការត្រិះរិះពិចារណា ក្នុងការបំពេញការងារ និងការធ្វើសេចក្តីសម្រេចចិត្ត៕