(ភ្នំពេញ)៖ លោក ស៊ិនឡៈវង្ស ឃុតផៃធូន ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងជាសមាជិកការិយាល័យ​នយោបាយមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បានថ្លែងកោតសរសើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថាជានាយករដ្ឋមន្ត្រីមានវ័យក្មេង ដែលសកម្ម និងជាបញ្ញវន្តមានចំណេះដឹងជ្រៅជ្រះ។ លោកក៏បានបង្ហាញជំនឿចិត្តមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី នឹងធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើន។

លោក ស៊ិនឡៈវង្ស ឃុតផៃធូន បានលើកឡើងបែបនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ នៅវិមានសន្ដិភាព។

ក្នុងជំនួបនេះ លោក ស៊ិនឡៈវង្ស ឃុតផៃធូន បានអបអរសាទរចំពោះការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់​រហ័​សលើគ្រប់វិស័យនៅកម្ពុជា និងកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចបវរធិបតី ដែលជា​នាយក​រដ្ឋមន្ត្រីវ័យក្មេង សកម្ម និងជាបញ្ញវន្ត។ លោកមានជំនឿយ៉ាងមុតមាំថា សម្ដេចបវរធិបតីនឹងបន្តដឹកនាំ និងអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។

ទន្ទឹមនេះ លោក ស៊ិនឡៈវង្ស ឃុតផៃធូន  បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ ឯកឧត្តម​ ស៉ិនឡៈវង្ស​ ឃុតផៃធូន​ បានជម្រាបជូនសម្តេចបវរធិបតី អំពីវឌ្ឍនភាព និងការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាផងដែរ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អប្រសើរ និងជាប្រពៃណី​រវាងកម្ពុជា និងឡាវ ព្រមទាំងការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិ​កម្ពុជា និងរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ដែលនេះក៏ជាការចូលរួមចំណែកនៅក្នុងការពង្រឹង និងពង្រីកចំណង​មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

សម្ដេចបវរធិបតី និងលោក ស៊ិនឡៈវង្ស ឃុតផៃធូន បានផ្លាស់ប្ដូរយោបល់អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗដែលរួមមានជាអាទិ៍៖ វិស័យថាមពល, ពាណិជ្ជកម្ម, ទេសចរណ៍, ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ សំដៅជំរុញកំណើនសេដ្ឋកិច្ចប្រទេសទាំងពីរ​ ក៏ដូចជា​វិស័យ​សន្តិសុខ​ និង​ការពារ​ជាតិផងដែរ៕