(តាកែវ)៖ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ ប៉ែន ចន្នី រួមនឹងបុត្រ ព្រមទាំងនាយទាហាន ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស និងប្រជាពលរដ្ឋ ចំណុះជើងវត្តជាច្រើនទៀត នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បាននាំយកស្បង់ត្រ័យជីវរ ដង្ហែអង្គកឋិនទានទៅវេរប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅទីអារាមវត្តតុំ ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ 

នៅឆ្នាំនេះនាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី បានមានសទ្ធាជ្រះថ្លា គ្រោងនឹងធ្វើការដង្ហែរអង្គកឋិនទានទៅវេរប្រគេនព្រះភិក្ខុសង្ឃចំនួន ៨វត្ត ក្នុងនោះ សម្រាប់ខេត្តតាកែវ មានចំនួន ៣វត្ត ខេត្តកំពង់ស្ពឺ មានចំនួន១វត្ត ខេត្តកណ្តាលមានចំនួន ៣វត្ត និងនៅរាជធានីភ្នំពេញ មានចំនួន ១វត្ត។

វត្តតុំនេះ គឺជាវត្តទី១ ដែលនាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី បានដឹកនាំដង្ហែអង្គកឋិនទានចូល រួមជាមួយនឹងមន្ត្រីរាជការ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទ្ធ ដើម្បីប្រមូលបច្ច័យ ចូលរួមចំណែកលើកស្ទួយលើវិស័យព្រះពុទ្ធសាសនា និងកសាងសមិទ្ធផលនានា នៅក្នុងទីអារាមវត្តតុំឲ្យកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង មានប្រសាសន៍ថា ការជួបជុំគ្នាប្រារព្ធពិធីបុណ្យកឋិនទានក្នុងថ្ងៃនេះ អាចធ្វើឡើងប្រកបដោយភាពជិតស្និទ្ធសប្បាយរីករាយ ដោយសារកម្ពុជាមានសុខសន្តិភាព ព្រមជាមួយនឹងសុវត្ថិភាពសង្គម។

កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំគិតគូរបន្ថែមទៀត សំដៅធ្វើយ៉ាងណារក្សាឱ្យបាននូវនិរន្តរភាពយូរអង្វែង ឱកាសទាំងនេះ សម្រាប់ទាំងពេលបច្ចុប្បន្ន និងតទៅជំនាន់ក្រោយតទៅទៀត តាមរយៈការរក្សាការពារឱ្យបានដាច់ខាតនូវកត្តាការពារសុខសនិ្តភាព រក្សាឱ្យបាននូវស្ថិរភាព សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ និងពង្រឹងបន្ថែមនូវការអភិវឌ្ឍទៅមុខឥតឈប់ឈរ។

កិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការ អាជ្ញាធរដែនដី ក្រុងដូនកែវ ខេត្តតាកែវ កុំចាញ់ការញ៉ួសញ៉ុងរបស់ជនអគតិ ហើយត្រូវបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារថែរក្សាសុខសន្តិភាព សន្តិសុខ សុវត្ថិភាពសាធារណៈ និងការកសាងអភិវឌ្ឍជាតិ។

នៅក្នុងឱកាសដែរនោះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោក ជំទាវ ប៉ែន ចន្នី បានវេរប្រគេនបច្ច័យសង្កត់ត្រៃអង្គកឋិនទាន ចំនួន ១០០លានរៀល និងបច្ច័យអមត្រៃរបស់ពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ចំនួន ១៨លាន ៥០ម៉ឺនរៀល សរុបបច្ច័យមាន ១១៨លាន ៥០ម៉ឺនរៀល និងបានឧបត្ថម្ភដល់ក្រុងដូនកែវ ថវិកា២លានរៀល ស្នងការនគរបាលជាតិ ៥លានរៀល កងរាជអាវុធខេត្ត ៥លានរៀល និងតំបន់ប្រតិបត្តិការសឹករងតាកែវ ៥លានរៀល។

ជាមួយគ្នានេះកិត្តិសង្គហបណ្ឌិត និងលោកជំទាវ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូនតាជីយាយជី ជាច្រើនទៀតផងដែរ៕