(រតនគិរី)៖ លោក រាជ សុភទ្ទ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានស្តីទីនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើកិច្ចសហការ សម្របសម្រួលគាំទ្ររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដល់សកម្មភាពការងារចុះមូលដ្ឋាន ការរៀបចំនិងកិច្ចប្រជុំដំណើរការនៃលេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តរតនគិរី។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តរតនគិរី ដោយមានការចូលរួមពីលោ ជា ថាវរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត លោក ខ័ណ្ឌ ចំណាន អភិបាលខេត្តស្តីទី តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ លោកនាយក-នាយករងរដ្ឋបាលសាលាខេត្ត និងអាជ្ញាធរក្រុង-ស្រុកទាំង៩ ព្រមទាំងមន្ទីរពាក់ព័ន្ធជាច្រើនរូបទៀត។

លោករដ្ឋលេខាធិការ រាជ សុភទ្ទ បានលើកឡើថា ក្នុងអាណត្តិរាជរដ្ឋាភិបាលជាបន្តបន្ទាប់នារយៈពេលកន្លងមក បានចាត់តាំងសមាជិក-សមាជិការាជរដ្ឋាភិបាល មន្ត្រីរាជការតាមក្រសួង-ស្ថាប័ន និងមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ បង្កើតឡើងនូវក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះមកជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីចូលរួមគាំទ្រនិងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រ គោលនយោបាយ កម្មវិធីកំណែទម្រង់ គោលការណ៍ និងវិធានការនានារបស់រាជរដ្ឋាភិបាលនៅតាមមូលដ្ឋាន ព្រមទាំងយកចិត្តទុកដាក់ជំរុញដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈមនានានៅមូលដ្ឋាន និងការចូលរួមកៀរគរធនធាន ពីប្រភពស្របច្បាប់នានា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសមិទ្ធផលសង្គម និងការអភិវឌ្ឍមូលដ្ឋាន សំដៅបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានាទូទាំងប្រទេស។

ជាមួយគ្នានោះ ក្រុមការងារមានបេសកកម្ម ដើម្បីចូលរួមគាំទ្រនិងជំរុញការអនុវត្តនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីកំណែទម្រង់ និងវិធានការនានារបស់រាជរដ្ឋាភិបាលឱ្យបានសកម្ម ផុលផុសតាមមូលដ្ឋាននានា សំដៅចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ជាប្រទេសមានចំណូលខ្ពស់។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យអំពីសកម្មភាព និងបញ្ហាប្រឈមនានារបស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅថ្នាក់ក្រោមជាតិ និងការអនុវត្តតួនាទីភារកិច្ច របស់អនុប្រធានអចិន្ត្រៃយ៍ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីធ្វើការបូកសរុបវាយតម្លៃ ដកពិសោធន៍ និងធ្វើការដោះស្រាយបញ្ហាប្រឈមនានាឱ្យបានសមស្រប សំដៅពង្រឹងនិងលើកកម្ពស់ការអនុវត្តតួនាទីភារកិច្ច ជាសេនាធិការជូនប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព៕