(កែប)៖ ទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២៤ បានប្រារព្ធធ្វើឡើងនៅខេត្តកែប ក្រោមប្រធានបទ «សិទ្ធទទួលបានអាហារ ដើម្បីជីវិត និងអនាគតកាន់តែប្រសើរ» ខណៈកម្មវិធីស្បៀងអាហារពិភពលោកបានប្តេជ្ញាចិត្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ឆ្ពោះទៅរកសន្តិសុខស្បៀង និងសិទ្ធិទទួលបានអាហារ។

ពិធីនេះធ្វើឡើងនាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ក្រោមវត្តមានចូលរួមពីសំណាក់ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ហួរ មិថុនា អភិបាលរងខេត្តកែប តំណាងកម្មវិធីស្បៀងអាហារពិភពលោក តំណាងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិប្រចាំកម្ពុជា និងបានការចូលរួមពីសំណាក់បណ្តាមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធផ្សេងទៀត។

លោកអភិបាលរងខេត្ត ហ៊ួរ មិថុនា តំណាងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត លើកឡើងថា ជាកិត្តិយសរបស់ខេត្តកែប ដែលត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ដល់កិត្តិយសរើសយកក្នុងការប្រារព្ធ នូវទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២៤នាពេលនេះ។ ផ្អែកតាមស្ថានភាពភូមិសាស្ត្រ ធម្មជាតិ ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងការខិតខំប្រឹងប្រែងរបស់រដ្ឋបាលមូលដ្ឋាន និងអង្គភាពជំនាញពាក់ព័ន្ធ ក្នុងខេត្តកែប បានធ្វើឲ្យខេត្តមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះខេត្តកែបមានផលិតផលកសិកម្ម សម្គាល់ភូមិសាស្ត្រល្បីល្បាញមួយចំនួនដែលទទួលស្គាល់ទូទាំងប្រទេស និងអន្តរជាតិ មានដូចជា ម្រេច ផ្កាអំបិល ក្ដាមសេះ ដូងក្រអូប ជាដើម។

លោក ម៉េង ចាន់ណា តំណាងកម្មវិធីស្បៀងអាហារពិភពលោក លើកឡើងថា អ្វីដែលគួរឱ្យកត់សម្គាល់កន្លងទៅ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន ក្នុងចំណោមយុទ្ធសាស្ត្រសំខាន់ៗជាច្រើន គឺការពង្រីកកម្មវិធីគាំពារសង្គម។ គំនិតផ្តួចផ្តើមទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ ការផ្តល់ជំនួយដោយផ្ទាល់ដល់គ្រួសារដែលត្រូវការជំនួយ ឆ្លើយតប និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលថាគ្មាននរណាម្នាក់ត្រូវបានទុកចោលដោយការអត់អាហារ។

លោកបន្តទៀតថា «ក្នុងនាមកម្មវិធីស្បៀងអាហារពិភពលោកបានប្តេជ្ញាចិត្តគាំទ្ររដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ឆ្ពោះទៅរកសន្តិសុខស្បៀង និងសិទ្ធិទទួលបានអាហារ»

លោក Ehsan Kabir តំណាងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) លើកបញ្ជាក់ថា ប្រធានបទនៅឆ្នាំនេះ គឺពាក់ព័ន្ធជាពិសេសនៅក្នុងប្រទេសកម្ពុជា ទោះយ៉ាងណាក៏ដោយ ភារកិច្ចធានាសន្តិសុខស្បៀងនៅកម្ពុជា មិនមែនសម្រាប់កសិករ ឬរដ្ឋាភិបាលតែម្នាក់ឯងនោះទេ។ វាទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់ទីភ្នាក់ងាររដ្ឋាភិបាល ដៃគូវិស័យឯកជន សង្គមស៊ីវិល និងអង្គការអន្តរជាតិដូចជា FAO ជាដើម។

លោក តូច ប៊ុនហួរ លើកឡើងថា ទិវាស្បៀងអាហារពិភពលោក បានផ្តួចផ្តើមឡើងជាលើកដំបូង នៅឆ្នាំ១៩៨១ ហើយការប្រារព្ធទិវានេះ គឺស្របពេលជាមួយនឹងការរំលឹកខួបលើកទី៧៩ឆ្នាំ នៃការបង្កើតអង្គការស្បៀង និងកសិកម្ម សហប្រជាជាតិ (FAO) រាល់ព្រឹត្តិការណ៍នានា ដែលធ្វើនៅតាមបណ្តាប្រទេសលើសកលលោក គឺបំផុសស្មារតីឆន្ទៈរួម សំដៅឈានទៅរកការបញ្ចប់ភាពអត់ឃ្លាន របស់ប្រជាជននៃបណ្តាប្រទេសទាំងអស់ លើសកលលោក រួមទាំងកម្ពុជាផងដែរ។

លោករដ្ឋលេខាធិការបាបន្តថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងដំណាក់កាលទី១នេះបានដាក់មន្រ្តីចំនួន ២៥០នាក់ កំពុងបំពេញបេសកកម្ម ក្នុងការជួយប្រជាកសិករ តាមរយៈការប្រឹក្សាយោបល់ និងគាំទ្រលើផ្នែកបច្ចេកទេស ក្នុងគោលបំណងបង្កើនផលិតភាពកសិកម្ម ជំរុញជីវភាព ធានាបាននូវសន្តិសុខ និងសុវត្ថិភាពស្បៀងផងដែរ។ លើសពីនេះ ក្រសួង ក៏បន្តសហការជាមួយអង្គការដៃគូទាំងជាតិ និងអន្តរជាតិ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងចក្ខុវិស័យប្រាកដប្រជា គឺយើងរួមគ្នាកាត់បន្ថយភាពអត់ឃ្លាន ឱ្យបានដល់កម្រិតសូន្យ ត្រឹមឆ្នាំ២០៣០ ក្នុងន័យធានា “ការមានស្បៀង លទ្ធភាពទទួលស្បៀង ការប្រើប្រាស់ស្បៀង និងស្ថិរភាពស្បៀង”៕