(ក្រចេះ)៖ រដ្ឋបាលស្រុកសំបូរ ខេត្តក្រចេះ បានរៀបចំពិធីបុណ្យអុំទូក ប្រដាល់ក្បាច់គុនខ្មែរ ការប្រណាំងកង់ រួមនិងកម្មវិធីផ្សេងៗមួយចំនួនទៀត ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅពេលខាងមុខ។ ពិធីបុណ្យអុំទូកនៅក្នុងស្រុកសំបូរ គឺធ្វើឡើងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅបរិវេណវត្តព្រះវិហារធំសសរ១០០ ស្ថិតនៅក្នុងឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។

លោក គង់ មេត្តា អភិបាលស្រុកសំបូរ បានឲ្យដឹងថា គោលបំណងនៃការរៀបចំពិធីបុណ្យអុំទូក នៅក្នុងស្រុកសំបូរ គឺជាការចូលរួមអបអរសាទរ ដល់ព្រះរាជពិធីបុណ្យអុំទូក អកអំបុកបណ្ដែតប្រទីប និងសំពះព្រះខែ។ សម្រាប់ស្រុកសំបូរ គឺបានរៀបចំពិធីបុណ្យអុំទូកនេះបានពីរឆ្នាំហើយ នៅក្នុងអាណត្តិរបស់លោកដែលបានមកកាន់ជាអភិបាលស្រុក។

លោកថាឆ្នាំ មុនក៏ដូចឆ្នាំនេះរដ្ឋបាលស្រុក បានរៀបចំពិធីបុណ្យអុំទូក និងកម្មវិធីផ្សេងៗទៀត ដើម្បីចូលរួមអបអរសាទរក៏ដូចជាការលើកកម្ពស់ ការថែរក្សាប្រពៃណីវប្បធម៌ប្រពៃណីទំនៀមទម្លាប់ ការរឹតចំណងសាមគ្គីភាព និងការលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុកផងដែរ។ លោក គង់ មេត្តា លើកឡើងថា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋមានការគាំទ្រច្រើនជាងឆ្នាំកន្លងទៅ ហើយនៅក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ ក៏មានការរៀបចំឲ្យមានកម្មវិធីផ្សេងៗ ជាច្រើនទៀតមានដូចជា ការប្រណាំងកង់ ការប្រដាល់ក្បាច់គុនខ្មែរ មានការប្រគំុតន្ត្រី បង្ហោះគោម និងការបណ្ដែតប្រទីបជាដើម។

ឆ្នាំនេះមានការអញ្ជើញចូលរួមមកលេងកម្សាន្តច្រើនទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងរយៈពេល២ថ្ងៃប្រមាណជាង១ម៉ឺននាក់ដែរ ហើយនៅស្អែកមួយថ្ងៃទៀតនឹងបញ្ជាប់។ កាលពីអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ខ្មែរស្រុកសំបូរ ក៏ទទួលបានភ្ញៀវទេសចរណ៍ច្រើនជាងគេ នៅក្នុងចំណោមបណ្ដាក្រុងស្រុកផ្សេងទៀតនៅក្នុងខេត្តក្រចេះ។

លោកថាសម្រាប់ការប្រណាំងទូកនៅឆ្នាំ២០២៤នេះ រដ្ឋបាលស្រុកសំបូរ បានរៀបចំទូកពីរប្រភេទគឺមាន២ប្រភេទ អន្តរជាតិ៤ទូក និងទូរផ្កាចារចំនួន១៤ទូក និងមានការឧបត្ថម្ភគាំទ្រថវិកា សម្ភារៈ ផ្សេងដល់ចំណុះទូកក៏ដូចជាគណៈកម្មការវត្តនីមួយៗដែលបាននាំយកទូកមកចូលរួម។ សម្រាប់ទូកដែលទទួលបានជ័យលាភីលេខ១ ទទួលបានថវិកាចំនួន៤០ម៉ឺនរៀល, ជ័យលាភីលេខ២ ទទួលបាន៣០ម៉ឺនរៀល និងលេខ៣ ទទួលបាន១០ម៉ឺនរៀល៕