(បាត់ដំបង)៖ រយៈពេល២ថ្ងៃ ថ្ងៃបុណ្យអុំទូក បណ្តែតប្រទីប នៅថ្ងៃចេញព្រះវស្សាក្នុងខេត្តបាដំបង មានភ្ញៀវទេសចរណ៍ចំនួន ១, ១៧៣, ៣៨៦នាក់ ដែលមានការកើនឡើងចំនួន៧,១១% បើធៀបឆ្នាំ២០២៣។

លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា ក្រោមការណែនាំរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងការដឹកនាំរៀបចំផ្ទាល់របស់លោក សុខ លូ អភិបាលខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យអុំទូក ចេញព្រះវស្សា ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ឆ្នាំ២០២៤ រយៈពេល២ថ្ងៃ ត្រូវនឹងថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ មន្ទីរជំនាញបានត្រួតពិនិត្យស្ថានភាព និងស្ថិតិភ្ញៀវទេសចរដែលបានមក កម្សាន្តក្នុងឱកាស ពិធីបុណ្យអុំទូកចេញព្រះវស្សា ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបងយើងសង្កេតឃើញថា ភ្ញៀវទេសចរណ៍បានមកលេងទាំង២ថ្ងៃ មានការកើនឡើងជាងឆ្នាំមុនៗ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានរាយការណ៍លម្អិតថា រដ្ឋបាលខេត្តបានសហការជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ ជុំវិញខេត្ត បង្កើតក្រុមការងារគណៈកម្មការ អនុគគណ:កម្មការទទួលបន្ទុក ទទួលខុសត្រូវរៀបចំ ទីក្រុង តុបតែង លម្អ ភ្លើងពណ៌ គ្រប់ទីកន្លែង ទៅតាមជំនាញរបស់ខ្លួន មានសភាពថ្មីល្អ ប្លែកជាងឆ្នាំមុនៗ ដែលជាកត្តានាំឲ្យមានការទាក់ទាញពីគ្រប់មជ្ឈដ្ឋានដូចជា៖

*បានរៀបចំតុបតែងលម្អវេទិកាអុំទូក ដើម្បីអបអរសាទរពិធីបុណ្យអុំទូក ចេញព្រះវស្សា
*បានរៀបចំប្រទីបរបស់មន្ទីរអង្គភាពចំនួន០៧ បណ្តែតក្នុងស្ទឹងត្រង់ចំណុចវិមានឯករាជ្យ
*បានរៀបចំបំពេញបន្ថែម ផ្លាកសញ្ញា គំនូសទិសដៅចរាចរណ៍ បរិវេណសួនសម្តេចក្រឡាហោម វិមានឯករាជ្យ
*បានរៀបចំរួចរាល់សួនធ្នុង៥៣ សួនសម្តេចក្រឡាហោម ស ខេង វិមានឯករាជ្យ សួនដងស្ទឹងសង្កែ
*បានរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវអមដងស្ទឹងសង្កែ លំហូរចរាចរណ៍ឆ្លងកាត់ពីត្រើយសងខាងស្ទឹងសង្កែ
*បានរៀបចំតុបតែងភ្លើងលម្អ តាមសួនសាធារណៈ ផ្លូវសំខាន់ៗ និងស្ពានឆ្លងកាត់ស្ទឹងសង្កែក្នុងក្រុងបាត់ដំបង
*បានរៀបចំទីតាំងរៀបចំកម្មវិធីសំខាន់ៗដូចជា ផែរបណ្តែតប្រទីប កន្លែងសម្តែងសិល្បៈខេត្តបាត់ដំបង
*បានរៀបចំជួសជុលផ្លូវក្នុងក្រុងបាត់ដំបងដែលទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក
*រៀបចំសណ្តាប់ធ្នាប់ ចំណត ការទុកដាក់ធុងសំរាម និងបង្គន់សាធារណៈ។

ក្រោមការដឹកនាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានរៀបចំកែលម្អសួនច្បារ សួនកម្សាន្ត លើកម្ពស់សម្រស់ដងស្ទឹងសង្កែប្រកបដោយភាពបៃតង ដែលជាកត្តានាំឱ្យមានការកើនឡើង យ៉ាងគំហុក នៃលំហូរភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករក្នុងពិធីបុណ្យអុំទូក ចេញព្រះវស្សា និងបណ្តែតប្រទីប ខេត្តបាត់ដំបង៕