(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរ និងទទួលស្គាល់សមាសភាពប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់ព្រែកប្រា ដោយតែងតាំងលោកស្រី ជួប ស៉ីយ៉ន ជាចៅសង្កាត់ថ្មី ជំនួសលោក ងិន ធីរ៉ូ អតីតចៅសង្កាត់បានទទួលមរណភាពដោយជរាពាធ។
នៅក្នុងពិធីប្រកាសផ្លាស់ប្តូរ និងទទួលស្គាល់សមាសភាពប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់ព្រែកប្រានេះលោក ចេង មុនីរ៉ា បានណែនាំឲ្យលោកស្រី ជួប ស៉ីយ៉ុន ដែលជាចៅសង្កាត់ទើបឡើងថ្មី ត្រូវរួមគ្នាអនុវត្តនៅក្នុង មូលដ្ឋានសង្កាត់អោយយបានល្អប្រសើរថែមទៀត។
លោកអភិបាលខណ្ឌ បានដាក់ចេញទិសដៅចំនួន៤ចំណុច ដើម្បីរួមគ្នាអនុវត្ត ដោះស្រាយ បម្រើជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរថែមទៀត៖
*ទី១៖ ពង្រឹងនូវការអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសលើការងារផ្តល់សេវាសាធារណៈ ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព និងវិធានការបង្ការទប់ស្កាត់ល្បែង ស៉ីសងគ្រប់ប្រភេទ សកម្មក្មេងទំនើង គ្រឿងញៀន ។ល។
*ទី២៖ ត្រូវខិតខំដោះស្រាយឲ្យបានជាអតិបរមានូវរាល់សំណូមពររបស់ប្រជាពលរដ្ឋ ធ្វើយ៉ាងណា សម្របសម្រួល ទំនាស់ពីធំអោយទៅជាតូច និងពីតូចឲ្យទៅជាអត់មានទំនាស់។ រាល់សំណូមពររបស់ប្រជាពលរដ្ឋ លោកមានសំណូមពរច្រើន ដូចជា បញ្ហាផ្លូវ លូ ភ្លើងបំភ្លឺផ្លូវ ត្រូវព្យាយាមឆ្លើយតបដោះស្រាយ ជាមួយពួកគាត់ ហើយត្រូវឆ្លើយតាមលទ្ធភាព ដែលយើងអាចដោះស្រាយបាន កុំឆ្លើយឲ្យរួចខ្លួន។ យើងត្រូវធ្វើយ៉ាង ណាដោះស្រាយតាមលទ្ធភាពរបស់ថ្នាក់សង្កាត់ បើសង្កាត់មានលទ្ធភាពអាចដោះស្រាយបាន ដោះស្រាយទៅ តែប្រសិនបើបោះស្រាយមិនបាន សូមបញ្ជូនសំណើទៅដោះស្រាយបន្តនៅថ្នាក់ខណ្ឌ។
*ទី៣៖ ត្រូវពិនិត្យមើលសំណង់នានា នៅតាមព្រែក ប្រឡាយ ឲ្យបានម៉ត់ចត់បំផុត ហើយទប់ស្កាត់ឲ្យបានចំពោះសំណង់ ដែលសង់រំលោភយក ដីចំណីផ្លូវ ចំណីព្រែក ដីចំណីបឹង។ ដោយសារតែកន្លងមក មានប្រជាពលរដ្ឋមួយចំនួន គាត់បានធ្វើសំណង់នៅលើប្រឡាយ លើមាត់ព្រែក ហើយពេលអាជ្ញាធរចុះទៅអោយរុះរើ បែរជាតវ៉ា ទាមទារប្រាក់សំណងគោលនយោបាយ។ ដូច្នេះហើយសូមលោកស្រី ដែលជាចៅសង្កាត់ថ្មី ត្រូវទប់ស្កាត់ឲ្យបានខ្លាំងក្លាបំផុត គឺកុំឲ្យមានសំណង់សង់រំលោភលើផ្លូវសាធារណៈលើដីចំណីព្រែក ដីចំណីប្រឡាយជាដើម។
*ទី៤៖ សូមពង្រឹងយន្តការច្រកចេញចូលតែមួយឲ្យបានល្អប្រសើរថែមទៀត ត្រូវអនុវត្ត តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន អតីតជានាយករដ្ឋមន្ត្រី ត្រូវធ្វើឲ្យបានធ្វើឲ្យលឿន និងមានតម្លាភាព ជូនប្រជាពលរដ្ឋ ទាំងសេវាសំណូមពរ និងសេវាតម្រូវការ និយាយរួម ត្រូវរួមគ្នា បំរើសេវារដ្ឋបាលសាធារណៈគ្រប់ផ្នែកជូនប្រជាពលរដ្ឋអោយបានល្អប្រសើថែមទៀត៕