(កំពត)៖ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ លោកបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រុមការងារថ្នាក់ខេត្ត ចុះត្រួតពិនិត្យ វាយតម្លៃលទ្ធផលការងារថែទាំផ្លូវខួប ចំនួន២ខ្សែ ដោយក្រាលល្បាយក្រួស មានប្រវែងសរុប ១៣.២០០ម៉ែត្រ ទទឹង ៤ម៉ែត្រ និង៥ម៉ែត្រ កម្រាស់០,២ម៉ែត្រ មានទីតាំង ស្ថិតនៅឃុំនារាយណ៍, ឃុំមានជ័យ, ឃុំក្រាំងស្នាយ និងឃុំត្រមែង នៃស្រុកឈូក ខេត្តកំពត ដែលស្ថិតក្នុងគម្រោងលេខ DRR-PM-2024-N0.011 អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត។
ក្រោយពីបានចុះដោយផ្ទាល់ត្រួតពិនិត្យ និងស្តាប់ការរាយការណ៍របស់អ្នកតំណាងអ្នកទទួលការ និងមន្រី្តនាយកដ្ឋានផ្លូវលំរួចមក លោកបណ្ឌិតរដ្ឋលេខាធិការ និងជាគណៈកម្មការអន្តរក្រសួង រួមទាំងគណៈប្រតិភូអន្តរក្រសួង វិស្វករដែលជាមន្រី្តបច្ចេកទេស របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានឯកភាពទទួលយកលទិ្ធផលអនុវត្តការងាររបស់អ្នកទទួលការ ដោយសម្រេចបាន១០០%។
ក្នុងឱកាស នៃការចុះពិនិត្យនោះ លោក សៅ ជីវ័ន្ត បានបន្តចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវទាំង២ខ្សែ និងបានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក ឆាយ ឫទ្ធិសែន ជូនពលរដ្ឋផងដែរ។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ក៏បានសំណូមពរប្រជាពលរដ្ឋ ព្រមទាំងអាជ្ញាធរមូលដ្ឋានត្រូវចូលរួមការពារ ថែទាំផ្លូវខាងលើ ឱ្យបានគង់វង់យូរអង្វែង មិនត្រូវសាងសង់សំណង់ ឬលប់ដីខ្ពស់ជាងផ្លូវ ប្រសិនបើមានការសាងសង់ ណាមួយ គឺត្រូវមានការដាក់លូដោះទឹកឱ្យបានត្រឹមត្រូវ ដើម្បីរក្សាគុណភាពផ្លូវនេះ ឱ្យបានយូរ ហើយត្រូវចាត់ទុកថាផ្លូវនេះជាទ្រព្យរបស់យើងទាំងអស់គ្នា។
ទន្ទឹមនឹងនោះដែរលោករដ្ឋលេខាធិកា ក៏បានប្រាប់ទៅកាន់អ្នកទទួលការធ្វើផ្លូវនេះ ត្រូវធ្វើការត្រួតពិនិត្យលើការងារថែទាំផ្លូវខាងលើឱ្យបានល្អ ដើម្បីឱ្យមានគុណភាព សោភ័ណភាព និងសុវត្ថិភាពក្នុងរយៈពេល ០៦ខែបន្តទៀត ទៅតាមកិច្ចសន្យា៕