(កំពង់ស្ពឺ)៖ លោក នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងលោកស្រី ព្រមទាំងពុទ្ធបរិស័យជិតឆ្ងាយ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ បានដង្ហែអង្គកឋិនទានសាមគ្គី ប្រកបដោយសទ្ធាដ៏ប្រសើរជ្រះថ្លាក្រៃលែង ចំពោះព្រះពុទ្ធសាសនា ទៅវេរប្រគេនព្រះសង្ឃគង់ក្នុងពុទ្ធសីមាវត្តចំបក់ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីក្រាលគ្រងអនុមោទនា អានិសង្សលាភ តាមពុទ្ធបញ្ញតិ ដោយសេចក្តីរីករាយជ្រះថ្លា។
លោក នរៈ រតនវឌ្ឍនោ បានថ្លែងថា ព្រះពុទ្ធសាសនា ជាសាសនារដ្ឋ មិនត្រឹមតែធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ បានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថេរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណ វប្បធម៌ ប្រពៃណីជាតិផងដែរ។
លោក នរៈ រតនវឌ្ឍនោ បានបន្ថែមថា ទីអារាមក៏ជាថ្នាក់បណ្តុះបណ្តាលធនធានមនុស្សដ៏សំខាន់ ហើយក្នុងនីតិកាលទី៧ រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតសំខាន់លើចំណុចធំៗចំនួន៥រួមមាន៖ គឺ «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» និងមានអាទិភាពគន្លឹះចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ជាពិសេសគឺ «បច្ចេកវិទ្យាឌីជីថល»។
ជាមួយគ្នានេះដែរ លោក នរៈ រតនវឌ្ឍនោ បានបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧ បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យសាសនា។
លោក នរៈ រតនវឌ្ឍនោ ក៏បានក្រើនរំលឹកដល់ប្អូនៗជាសិស្សានុស្ស យុវជន ដាច់ខាតត្រូវជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ជាពិសេសបញ្ហាគ្រឿងញៀន ដោយក្នុងពេលថ្មីៗនេះមានករណីជាច្រើនពាក់ពន្ធ័និងបញ្ហាគ្រឿងញៀនបាននឹងកំពុងបង្កភាពចលាចលក្នុងសង្គម។
នៅក្នុងឱកាសនោះលោក នរៈ រតនវឌ្ឍនោ និងលោកស្រី បានវេរប្រគេនបច្ច័យសង្កត់ត្រៃយ៍ បានមកពីការចូលរួមពីពុទ្ធបរិស័ទ វេរប្រគេនដល់ព្រះសង្ឃគង់ចាំក្នុងពុទ្ធសីមាអស់កាលត្រីមាស ក្នុងវត្តចំបក់ ដើម្បីទុកកសាងសមិទ្ធផលនានាក្នុងទីអារាមផងដែរ៕