(ភ្នំពេញ)៖ លោក Derek Yip ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសអូស្ត្រាលី ប្រចាំកម្ពុជា បានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងឡាយជាមួយកម្ពុជា ឱ្យកាន់តែខ្លាំងក្លាថែមទៀត។
លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់បែបនេះក្នុងពេលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនេះលោកឯកអគ្គរដ្ឋទូត បានកោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា។ លោកឯកអគ្គរដ្ឋទូតបានប្ដេជ្ញាចិត្ត៖ (១) បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត (២) គាំទ្រកម្ពុជាដែលនឹងចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩ និង (៣) គាំទ្រការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ និងចីរភាពរបស់កម្ពុជា។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានអបអរសាទរឯកឧត្តមអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំនៅកម្ពុជា និងបានអរគុណអូស្រ្តាលី ដែលបានរួមចំណែកក្នុងការស្វែងសន្ដិភាព នាពេលកន្លងមក និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា រហូតមកដល់បច្ចុប្បន្ន។
សម្ដេចបវរធិបតី និងលោកឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រឹងមាំ និងយូរអង្វែង រវាងប្រទេសទាំងពីរ ព្រមទាំងពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើលើវិស័យសំខាន់ៗមួយចំនួន មានជាអាទិ៍៖ វិស័យពាណិជ្ជកម្ម, សេដ្ឋកិច្ច, វិនិយោគ, ថាមពលស្អាត, សុខាភិបាល, អប់រំ, ការពារជាតិ និងសន្តិសុខ រួមទាំងការបណ្តុះបណ្តាលផងដែរ។
ក្នុងជំនួបនេះសម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសន្ទនា និងយន្តការក្នុងការផ្លាស់ប្តូរព័ត៌មានលើប្រធានបទដែលមានសារៈសំខាន់សម្រាប់ប្រទេសទាំងពីរ៕