(ភ្នំពេញ)៖ ពិធីសំណេះសំណាល និងបំពាក់កន្សែង យុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្ដមសិក្សា ២៥ ក្នុងរាជធានីភ្នំពេញ នឹងប្រព្រឹត្ដនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងក្រោមអធិបតី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។
លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងថា ពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជានៅឆ្នាំនេះ ពិតជាឱកាសមាស មហាកិត្ដិយសណាស់ ដែលមារអញ្ជើញជាអធិបតីភាព ពីប្រមុខរាជរដ្ឋាភិបាល។
លោកស្រីបានថ្លែងថា ចាប់តាំងពីឆ្នំា២០០៩មក កាកបាទក្រហមកម្ពុជា បានរៀបចំពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជាជាលក្ខណៈទ្រុងទ្រាយធំនេះជាលើកទី៣ ក្រៅពីនោះគឺធ្វើឡើងតាមសាខាកាកបាទក្រហមកម្ពុជា និងគ្រឹះស្ថានសិក្សាប៉ុណ្ណោះ។
«សម្រាប់ពិធីបំពាក់កន្សែងដែលប្រារព្ធធ្វើនៅថ្ងៃស្អែកនេះ គឺបានបញ្ជាក់មួយពីពីវឌ្ឍនភាពក្នុងការងារយុវជនកាកបាទក្រហមកម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងរយៈពេល២៦ឆ្នាំមកនេះ ហើយក៏ជា២៦ឆ្នាំ នៃនយោបាយឈ្នះ ឈ្នះផងដែរ។ ដូច្នេះកាកបាទក្រហមកម្ពុជា បានសម្រេចនួវសមិទ្ធផលជាច្រើនក្នុងការងារមនុស្សធម៌ ជាពិសេសក្នុងការពង្រឹង និងពង្រីកការងារអភិវឌ្ឍយុវជនកាកបាទក្រហមកម្ពុជា ហើយក្នុងរយៈពេលជាង ១ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ដ្រីកម្ពុជា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាឱកាសទី១ និងជាឱកាសមាសមួយផងដែរ ដោយជាការផ្សារភ្ជាប់ការងាររបស់កាកបាទក្រហមកម្ពុជា ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈនៅក្នុងវិស័យមនុស្សធម៌ ជាមួយរាជរដ្ឋាភិបាល»។ នេះតាមការបញ្ជាក់បន្ថែមរបស់ លោកស្រី ម៉ែន នារីសោភ័គ។
សូមជម្រាបថា ពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៤,៧៤២នាក់ (ស្រី ៣,១០៦នាក់) មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៥ ក្នុងរាជធានីភ្នំពេញ។ វត្តមានដ៏ឧត្តុង្គឧត្តមនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញថា សម្តេចមហាបវរធិបតី តែងតែផ្តោតការយកចិត្តទុកដាក់ និងផ្តល់សារៈសំខាន់យ៉ាងធំធេង ទៅលើយុវជន ដែលជាកម្លាំងបន្តវេន, ជាសសរទ្រូង និងជាមូលធនមនុស្សដ៏សំខាន់បំផុត ក្នុងការបន្តថែរក្សាសុខសន្តិភាព ស្ថេរភាព សាមគ្គីភាព និងឯកភាពជាតិ ដើម្បីធានានិរន្តរភាពនៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងភាពកាន់តែរីកចម្រើនរុងរឿង ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០៕