(ក្រចេះ)៖ លោកស្រី ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន រួមនឹងថ្នាក់ដឹកនាំ សមាជិកាកិត្តិយស សមាជិកានៃសមាគមនារី បានអញ្ជើញចូលរួមកម្មវិធីបុណ្យកឋិនទានសាមគ្គីជាមួយមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ ដើម្បីដង្ហែយកត្រៃចីវរវេរប្រគេនភិក្ខុសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងទីអារាមវត្តសសរ ១០០ ក្នុងស្រុកសំបូរ ខេត្តក្រចេះ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។
កម្មវិធីអង្គកឋិនទាននេះបានប្រព្រឹត្តទៅតាមលំអានប្រពៃណីព្រះពុទ្ធសាសនា និងបានធ្វើពិធីដង្ហែអង្គកឋិនទាន វេរនូវត្រៃចីវរ សង្ឃាដី ស្បង់ និងទេយ្យទានអមកឋិនផ្សេងៗ ព្រមទាំងបច្ច័យសង្កត់ត្រៃប្រគេនព្រះសង្ឃដើម្បីប្រើប្រាស់ជាប្រយោជន៍នៃព្រះពុទ្ធសាសនា។
បុណ្យកឋិនទានជាទានមួយដែលប្លែកពីទានដទៃៗឯទៀត គឺប្លែកដោយកាល មានត្រឹមតែ២៩ ថ្ងៃតែប៉ុណ្ណោះ ប្លែកដោយវត្ថុ គឺវត្ថុសម្រាប់កឋិនមាន៣ សង្ឃាដី ចីវរ ស្បង់ តែប៉ុណ្ណោះហើយកឋិនទាន ជាកាលទានមានផលវិសេសជាងទានទាំងពួង ព្រោះបានផលដល់ទាយក ទាយិកាម្ចាស់ទានផង បានអានិសង្ឍដល់ភិក្ខុជាបដិគ្គាហកៈ អ្នកទទួលក្រាលគ្រង និងអ្នកអនុមោទនាផង។
ការរៀបចំពិធីអង្គកឋិនទាននេះអាចប្រព្រឹត្តិទៅបានអាស្រ័យដោយកត្តាប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំប្រទេសថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍប្រទេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕