(កំពង់ធំ)៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ លើកទឹកចិត្តដល់កីឡាករប្រណាំងទូកខ្នាតអន្តរជាតិ និងទូកវែង ក្នុងពិធីប្រណាំងទូកងនៅខេត្តកំពង់ធំកាលពីថ្ងៃទី១៦-១៧ និងទទួលបានជ័យលាភីលេខ១ និងលេខ២កន្លងមកថ្មីៗនេះ។
លោក នួន ផារ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កីឡាករចំណុះទូក និងកោតសរសើរដល់គណៈកម្មការគ្រប់គ្រងទូក ដែលខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្ត រហូតទទួលបានជ័យជំនះទទួលបានជ័យលាភីលេខ១ និងលេខ២ប្រចាំខេត្តកំពង់ធំនៅពេលនេះ ដើម្បីត្រៀមទៅប្រកួតនៅរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។
លោកបានផ្ដាំផ្ញើកីឡាករចំណុះទូកទាំងអស់ បន្តហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែមទៀត និងសូមឲ្យកីឡាករទាំងអស់រក្សាអនាម័យឲ្យបានល្អ ពិសេសគឺផឹកស្អាត ហូបស្អាត និងរស់នៅស្អាត ដើម្បីមានសុខភាពល្អ ទទួលយកជ័យជំនះក្នុងការប្រកួត។
ក្នុងពិធីចំណេះសំណាលលោក នួន ផារ័ត្ន បានជួបជាមួយនឹងកីឡាករទូក រួមមាន៖
*១៖ ទូក ឌួងសូរិយាបុប្ផាស្ទឹងសែនបារមីក្តីដូង មានចំណុះ ៧៥នាក់ ស្ថិតនៅវត្តឌួងសូរិយា (ហៅវត្តក្តីដូង) ឃុំក្តីដូង ស្រុកកំពង់ស្វាយ
*២៖ ទូកចំប៉ាពិសីសែនជ័យ មានចំណុះ៦៦នាក់ ស្ថិតនៅវត្តធម្មឃោសិតារាម (ហៅវត្តស្លែង) ឃុំក្តីដូង ស្រុកកំពង់ស្វាយ
*៣៖ ទូកសែនសិរីមានជ័យ មានចំណុះ៧៥នាក់ ស្ថិតនៅវត្តសែនសិរី (ហៅវត្តក្តីសែន) សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន៕