(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់យុវជនកាកបាទក្រហម សូមបន្តការយកចិត្តទុកដាក់ ក្នុងការសិក្សារៀនសូត្រមុខជំនាញ ឱ្យបានច្បាស់លាស់ និងចូលរួមលើកកម្ពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ។
ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន៤,៧៤២នាក់ ក្នុងនោះមាននារី ៣,១០៦នាក់ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «សូមបន្តការយកចិត្តទុកដាក់ ក្នុងការសិក្សារៀនសូត្រមុខជំនាញ ឱ្យបានច្បាស់លាស់ ចូលរួមលើកកម្ពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ ពង្រីកចំណេះដឹងដោយសិក្សាបន្ថែមនូវបច្ចេកវិទ្យា ព័ត៌មានឌីជីថល និងភាសាបរទេស ឱ្យស្របតាមតម្រូវការងារទីផ្សារក្នុងប្រទេស និងសកលលោក»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ប្អូនៗ ត្រូវចាំថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវយុវជនកាកបាទក្រហម ត្រូវបន្តរួមគ្នាក្នុងការបណ្តុះឧត្តមគតិ និងស្មារតីឯកភាពជាតិ ស្រឡាញ់វប្បធម៌សន្តិភាព មានមនសិកា និងឆន្ទៈ ក្នុងការការពារបុព្វហេតុដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលស្របច្បាប់។
បន្ថែមពីនោះទៀត ត្រូវរួមគ្នាប្រឆាំងឱ្យបានជាដាច់ខាត នូវព័ត៌មានក្លែងក្លាយបំពុលសង្គម ពិសេសក្នុងស្ថានភាពបច្ចុប្បន្ន ដែលអាចធ្វើឱ្យមានចលាចលសង្គម ប្រទេសជាតិបែកបាក់ និងប៉ះពាល់អនាគតយុវជនយើង។ នេះជាការបញ្ជាក់បន្ថែម របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់យុវជនកាកបាទក្រហម រៀនគិតពិចារណាស្រាវជ្រាវ ឱ្យបានល្អិតល្អន់មុនជឿលើរឿងអ្វីមួយ ហើយត្រូវចេះស្រឡាញ់ជាតិ តែមិនត្រូវជ្រុលនិយម។
លើសពីនោះទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រាប់ដល់យុវជន ត្រូវលើកតម្កើងគំនិតវិជ្ជមាន កុំអង្គុយខ្វល់នឹងគេចង់ធ្វើអ្វីមកលើយើង ឬទៅរកវិធីបំផ្លាញគេ គឺត្រូវប្រឹងប្រែងពង្រឹងសមត្ថភាព ពង្រឹងសាមគ្គី ប្រឹងប្រែងផលិត បង្កើត និងផ្សព្វផ្សាយអ្វីដែលខ្លួនមាន។
សូមជម្រាបថា យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង និងជាសមាសភាគមួយនៃ បណ្តាញអ្នកស្ម័គ្រចិត្តកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលបច្ចុប្បន្ន មានជាង១៦លាននាក់ នៅទូទាំងសកលលោក។
យុវជនកាកបាទក្រហមកម្ពុជា ត្រូវបានចាត់ទុកជាឆ្អឹងខ្នងរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងជាកម្លាំងសកម្មជួរមុខ ក្នុងប្រតិបត្តិការមនុស្សធម៌ នៅគ្រប់កាលៈទេសៈ។
កាកបាទក្រហមកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ និងត្រូវបានបញ្ចូលជាសមាជិកទី៨៥ របស់សហព័ន្ធអន្តរជាតិ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៦០នោះ បានបាត់បង់កម្លាំងយុវជន កាកបាទក្រហមកម្ពុជាក្នុងរបបប៉ុល ពត។
ឱកាសនៃការបង្កើតឱ្យមានជាថ្មីឡើងវិញ នូវកម្លាំងយុវជន កាកបាទក្រហមកម្ពុជា គឺបន្ទាប់ពីកាកបាទក្រហមកម្ពុជា បានប្រារព្ធមហាសន្និបាតអាណត្តិទី១ ថ្ងៃទី១០ ខែ មេសា ឆ្នាំ១៩៩៤ បង្រួបបង្រួមក្រុមកាកបាទក្រហមចំនួន ៣ក្រុម ឱ្យទៅជាសមាគមជាតិមានតែមួយគត់ឡើងវិញ នៅក្នុងប្រទេស៕