(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ នឹងអញ្ជើញបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ឆ្នាំ២០២៤ បានឈានដល់ថ្ងៃចុងក្រោយ នៅថ្ងៃទី២០ ខែតុលានេះហើយ ដោយមានកីឡាករ-កីឡាការិនីឆ្នើមៗ ត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រ ចាប់ពីព្រឹក រហូតដល់ល្ងាច លើវិញ្ញាសាសម្ដែង និងប្រយុទ្ធ ដើម្បីប្រជែងមេដាយមាសពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រដ៏មានសារៈសំខាន់ និងប្រកបដោយគុណតម្លៃថ្លៃថ្លាបំផុតនេះ។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ រៀបចំឡើង ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងគោលដៅលើកកម្ពស់ អភិរក្ស និងអភិវឌ្ឍ «មរតកយុទ្ធគុនដូនតាខ្មែរ»។
ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចបវរធិបតី» លើកទី១ នឹងធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែតុលា នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក)។ ក្រៅពីការប្រកួតដែលមានកីឡាយុទ្ធគុនខ្មែរបុរាណគ្រប់ទម្រង់ចូលរួម ទាំងប្រដាល់គុនខ្មែរ គុនល្បុក្កតោ យុទ្ធក្រមខម គុនចម្រុះ គុនចំបាប់ ខ្លាក្រាប ស្រង៉ែពែន និងក្រុមយុទ្ធគុនកងយោធពលខេមរភូមិន្ទជាដើម ក៏នឹងមានការរៀបចំពិព័ណ៌អាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ នៅមុខវិមានពហុកីឡដ្ឋានជាតិផងដែរ ដោយមានការតាំងបង្ហាញសិលាចារឹក ចារប្រវត្តិមហាយុទ្ធគុនបុព្វបុរសដូនតាខ្មែរ។ ព្រឹត្តិការណ៍នេះ មានកីឡាករ-កីឡាការិនីចូលរួមសរុបជិត ៥០០នាក់៕