(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានដឹកនាំយុវជន កាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន១៨៣គ្រួសារ នៅភូមិផ្សារព្រំ «ចំណុចលូដាច់» ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកស្រីបណ្ឌិត បាន ស្រីមុំ បានផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកអាណិតអាសូរក្រៃលែងពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធាន ជាមាតាមនុស្សធម៌កម្ពុជា តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយ និងឧបទ្ទេហេតុផ្សេងៗ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិនមានការរើសអើង វណ្ណៈជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ អ្វីឡើយ។
លោកស្រីបណ្ឌិតប្រធានគណៈកម្មាធិការសាខា បានឱ្យដឹងថា ជាក់ស្តែងកន្លងមក សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន គឺបានជម្រុញគ្រប់សកម្មភាព ការងារមនុស្សធម៌ ឱ្យអនុវត្តន៍ទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ដោយ ប្រកាន់ភ្ជាប់នូវគោលការណ៍ គ្រឹះទាំង៧ប្រការ របស់ចលនាកាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបបានទាន់ពេលវេលា ចំពោះជនរង គ្រោះ និងជនងាយរងគ្រោះព្រមទាំងបានផ្តល់ជាសម្ភារគ្រឿងឧបភោគបរិភោគ និងថវិកាមួយ ចំនួនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយឧបទ្ទេវហេតុផ្សេងៗដូចជា៖ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះ អគ្គីភ័យ គ្រោះ ថ្នាក់ ចរាចរណ៍ ពលរដ្ឋមានជីវភាពខ្វះខាតគ្រួសារជនពិកា កុមារកំព្រា អ្នករស់នៅជាមួយ មេរោគ អេដស៍ ចាស់ជរាគ្មានទីពឹងគ្រួសារសព ខ្វះខាត ជាពិសេសបានចូលរួមយ៉ាងសកម្មជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងកំឡុងនៃការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ផងដែរ។
នៅក្នុងឱកាសនោះលោកស្រីបណ្ឌិត បាន ស្រីមុំ បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វី កើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសសូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវ រក្សាអនាម័យក្នុងការរស់នៅជាប្រចាំដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេក ក្នុងមុងជានិច្ច ដើម្បីចៀសវាងការកើតមានជំងឺតម្កាត់ផ្សេងៗ ហើយបើមានបញ្ហាសុខភាព សូមប្រញ៉ាប់ប្រញាល់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលជិតបំផុតដើម្បីទទួលការព្យាបាលបានទាន់ពេលវេលា។
សូមបញ្ជាក់ថា អំណោយសង្គ្រោះបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តល់ជូនប្រជាពលរដ្ឋ នៅភូមិផ្សារព្រំ «ចំណុចលូដាច់» ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួន១៨៣គ្រួសារ ដោយក្នុងគ្រួសារៗទទួលបានរួមមាន៖ ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ ព្រមទាំងថវិកាមួយចំនួនផងដែរ៕