(ព្រះវិហារ)៖ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះសួសុខទុក្ខ និងនាំយកអំណោយដ៍ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មកប្រគល់ជូនកងកម្លាំងសឹករងខេត្ត ដែលកំពុងបំពេញបេសកកម្មបង្រ្កាបបទល្មើសនេសាទខុសច្បាប់តាមដងស្ទឹងសែន ចំណុចអាងទឹករក្សា ស្ថិតក្នុងភូមិក្រវ៉ាន់ ឃុំពុទ្រ្ទា ស្រុកជ័យសែន ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងកោតសរសើរកងកម្លាំងសឹករងខេត្តទាំងអស់ ដែលកំពុងឈរជើងបំពេញបេសកកម្មបង្រ្កាបបទល្មើសនេសាទខុសច្បាប់តាមដងស្ទឹងសែន បានអនុវត្តន៍តួនាទីភារកិច្ច បានយ៉ាងល្អប្រសើរ ស្របតាមបទបញ្ជា និងការណែនាំពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ក្នុងការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ទទួលបានជោគជ័យ។
លោកបានថ្លែងណែនាំបន្ថែមដល់កម្លាំងសឹករងខេត្តទាំងអស់ ដែលកំពុងឈរជើងនៅទីនេះ ត្រូវបន្តយកចិត្តទុកដាក់សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានបង្រ្កាប និងទប់ស្កាត់បទល្មើសនេសាទខុសច្បាប់តាមដង ស្ទឹងសែន ឱ្យមានប្រសិទ្ធិភាពខ្ពស់ ពិសេសត្រូវយកចិត្តទុកដាក់អង្កេតតាមដានរាល់សកម្មភាពល្មើសផ្សេងតាមដងស្ទឹងសែន ដើម្បីមានវិធានការបង្រ្កាបឱ្យទាន់ពេលវេលា ទាំងការនេសាទខុសច្បាប់ និងការសង់ខ្ទមបែប អនាធិបតេយ្យតាមមាត់ស្ទឹងសែនរបស់ប្រជាពលរដ្ឋចំណាកស្រុក។
ដើម្បីជាការលើកទឹកចិត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត បាននាំយកសម្ភារ និងថវិកាចំនួន ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ជូនដល់កម្លាំងដែលឈរជើងនៅទីនោះរួមមាន៖ ថវិកាចំនួន៣០០,០០០រៀល, មី ចំនួន០៤កេស, អង្ករចំនួន០៤បេ, ត្រីខ ចំនួន០៤យួរ, ទឹកត្រីចំនួន០៤យួរ, ទឹកស៊ីអ៊ីវ ចំនួន០៤យួរផងដែរ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានដឹកនាំក្រុមការងារបន្តចុះល្បាតដោយកាណូតតាមដងស្ទឹងសែន ដើម្បីពិនិត្យជាក់ស្ដែងស្ថានភាពតាមដងស្ទឹង និងបានណែនាំដល់ប្រជាពលរដ្ឋត្រូវប្រើប្រាស់សម្ភារនេសាទដោយ ស្របច្បាប់ កុំនេសាទដោយខុសច្បាប់ ដើម្បីកុំឱ្យមានទោសដល់ខ្លួន ពិសេសបានចូលរួមថែរក្សាពូជត្រីឱ្យនៅគង់វង្ស៕