(កំពង់ស្ពឺ)៖ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ស្ពឺ បានថ្លែងថា គ្រួសារ ស.ស.យ.ក ស្រុកថ្ពង ចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាព។
ការថ្លែងបែបនេះ បានធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក ឈុន ឈុំ អភិបាលរងស្រុក និងជាអនុប្រធានគណៈបញ្ជាការឯកភាពស្រុក មានកងកម្លាំងទាំង៣ និងមន្រ្តីជំនាញពាក់ព័ន្ធចំណុះ រដ្ឋបាលស្រុកថ្ពង ថ្នាក់ឃុំ/ភូមិ/ប្រជាការពារភូមិ លោកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋចំនួន៣១០នាក់ ស្រី១៥៧នាក់ បានចូលរួមអនុវត្តផែនការយុទ្ធនាការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងមូលដ្ឋានឃុំអមលាំងនិងវិទ្យាល័យហ៊ុនសែន អន្លង់ជ្រៃ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
លោកបានជំរាបជូនបន្ថែមថា ក្រុមការងាររបស់យើងបានរួមគ្នាអនុវត្តសកម្មភាពការងារផ្សព្វផ្សាយតាមបែបចល័ត និងចុះដល់គេហដ្ឋានប្រជាពលរដ្ឋផ្ទាល់ដោយបានចែកនូវបណ្ណព័ត៌មានពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ក៏ដូចជាបញ្ហាផ្សេងៗទៀតពាក់ព័ន្ធនឹងភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
ក្នុងនាមលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ស្ពឺ, លោកបានថ្លែងអំណរគុណ និងសូមអំពាវនាវដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជា អនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋយើង៕