(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា បើនិយាយអំពីព្រឹត្ដិការណ៍ដ៏ធំនៃការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ "ពានរង្វាន់សម្ដេចបវរធិបតី" ពីថ្ងៃទី១៨-១៩និងទី២០ ខែតុលានេះ នៅវិមានពហុកីទ្បដ្ឋានជាតិ អូទ្បាំពិក ដែលទើបបិទបញ្ចប់នេះ ដែលស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់បំផុតរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលជាវីរកុលបុត្រខ្មែរបន្ដវេនដ៏ឆ្នើម ក្នុងការដឹកនាំរាជរដ្ឋាភិបាលអាណត្ដិទី៧ ដែលមានទស្សនវិស័យវែងឆ្ងាយ និងច្បាស់លាស់ឲ្យមានការរៀបចំឡើង ក្នុងការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ប្រចាំឆ្នាំហើយត្រូវបន្ដរៀបចំ ការប្រកួតចាប់ពីឆ្នាំ២០២៤នេះតទៅ ក្នុងនោះ មានព្រឹទ្ធាចារ្យយុទ្ធគុន ,អ្នកយុទ្ធគុនប្រុស-ស្រីស្ម័គ្រចិត្តជិត៥០០នាក់ មកកពីបណ្ដាលខេត្ដនានាទូទាំងប្រទេស ពោរពេញដោយភាពអធិកអធមនិងយ៉ាងរស់រវើក ធ្វើឲ្យប្រជាជាតិខ្មែរទូទាំងប្រទេសមានអំណរសាទយ៉ាងសប្បាយរីករាយ។
នេះគឺពិតជាការដាស់ព្រលឹងយុទ្ធគុនរបស់បុព្វបុរសដូនតាយើងនូវគ្រប់ទម្រង់ក្បាច់គុនឲ្យរស់ទ្បើងវិញ ជាប្រវត្ដិសាស្រ្ដដើម្បីលើកកម្ពស់សក្កានុពលនៃក្បាច់គុនខ្មែរដ៏ប្រពៃថ្លៃថ្លារបស់ដូនតាយើងឲ្យកាន់តែមានភាពល្បីខ្ទរខ្ទារទាំងលើឆាកជាតិនិងអន្ដរជាតិ។
មួយវិញទៀត ក្នុងគោលបំណងដើម្បីធ្វើការអភិរក្សនិងលើកតម្កើងនូវគុណតម្លៃក្បាច់គុនដែលជាអត្ដសញ្ញាណជាតិ ប្រពៃណី វប្បធម៌ និងប្រវត្ដិសាស្រ្ដដ៏រុងរឿងរបស់ចក្រភពខ្មែរយើងឲ្យរស់ខ្លាំងក្លាទ្បើងវិញ។ ព្រោះយុទ្ធគុនទាំងនេះ កាលពីសម័យសង្រ្គាមនិងរបបវាលពិឃាដពីឆ្នាំ១៩៧០-១៩៧៩ អ្នកគុននិយមខ្មែរត្រូវបានសម្លាប់ស្ទើរអស់ ហើយទំនៀមទម្លាប់ប្រពៃណីខ្មែរដ៏ល្អផូរផង់ទាំងទ្បាយត្រូវបានបាត់បង់ ឬក៏ត្រូវបំផ្លាញចោលតែម្ដងស្ទើររលាយគ្មានសល់។
លោក រ័ត្ន សណ្ដាប់ បន្ដថា បើពោលអំពីការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ដែលជាការដាស់ព្រលឹងបុព្វបុរសដូនតាខ្មែរយើងថែមទៀតនោះ គឺបានបង្ហាញអំពីអរិយធម៌ដ៏ឧត្ដុង្គុឧត្ដមរបស់ខ្មែរយើង មានដូចជា ការរៀបចំក្បួនសម្តែងជាឈុតឆាកសិល្បៈក្បាច់គុនប្រយុទ្ធសំបូរបែបដ៏អស្ចារ្យផ្សេងៗដែលសុទ្ធតែជាអត្ដសញ្ញាណជាតិ វប្បធម៌ ប្រពៃណីក្បួនប្រយុទ្ធក្នុងសង្រ្គាមក្នុងឆន្ទ:ការពាទឹកដីនាសម័យចក្រភពខ្មែរដ៏រុងរឿង ពិសេសមុនការប្រកួត កីទ្បាករនិងកីទ្បាការនីទាំងអស់គឺត្រូវថ្វាយបង្គំគោរពដឹងគុណដល់បុព្វការីជនដ៏អស្ខារ្យរបស់ខ្លួន គឺព្រះបាទសូរ្យវរ្ម័នទី២ ដែលជាក្សត្រមានស្នាដៃដ៏ល្អឯក ក្នុងការកសាងប្រាសាទអង្គរវត្ដដ៏ល្បីល្បាញពាសពេញពិភពលោក និងជាក្សត្រមួយព្រះអង្គ មានថ្វីព្រះហត្ដដ៏ខ្លាំងពូកែអស្ចារ្យ ក្នុងចំណោមក្សត្រដ៏ខ្លាំងពូកែជាច្រើនព្រះអង្គទៀតនាសម័យចក្រភពអង្គរដ៏អច្ឆរិយ។ ដោយហេតុថា ក្នុងប្រព័ន្ធជំនឿខ្មែរ ចំពោះការចេះគោរពដឹងគុណដល់បុព្វការីជនខ្លួន នឹងនាំមកនូវ " យសសិរី "ដល់ខ្លួនយើងនិងជាតិយើង។
បើងាកក្រោយ កាលពីសម័យបុរាណពិធីល្បងឬទ្ធិក្បាច់គុននេះ តែងប្រារព្វសម្ដែងជាស្នាដៃតស៊ូគ្នា នៅមុខព្រះពន្លាព្រះបរមរាជវាំង ស្ថិតក្រោមការចាត់ចែងរបស់សេនាបតីដើម្បីជ្រើសរើសនិងថែរក្សាអ្នកមានសមត្ថភាព ឲ្យបម្រើវិស័យការពារជាតិដើម្បីទ្រសន្តិភាព ព្រោះមេដឹកនាំតែងត្រៀមលក្ខណះគ្រប់ហេតុការណ៍ដើម្បីលុបបំបាត់សង្រ្គាម ក្នុងការការពារសន្ដិភាព ដើម្បីបម្រើជាតិ មាតុភូមិ និងប្រជាជន។
បច្ចុប្បន្ន ការល្បងឫទ្ធិក្បាច់គុននេះ ស្ថិតក្រោមការចាត់ចែង និងរៀបចំរបស់គណ:កម្មការចំពោះកិច្ចអូទ្បាំពិកកម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីបង្ហាញនិងផ្សព្វផ្សាយអំពីអត្ដសញ្ញាណជាតិ វប្បធម៌ ប្រពៃណីរបស់ជាតិឲ្យកាន់តែទូលំទូលាយលើឆាកជាតិ និងអន្ដរជាតិ ព្រោះរត់តាមរបត់នៃអង្គការបេតិកភណ្ឌពិភពលោក។
ជាសរុប លោក រ័ត្ន សណ្ដាប់ បញ្ជាក់ថា បើឈរទស្សនវិស័យរបស់សម្ដេចបវរធិបតី ក្នុងការរៀបចំ ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណនេះឡើង គឺជាគោលគំនិតរបស់សម្ដេច ដើម្បីបំផុសចលនាមហាជនឲ្យងាកមកលើកស្ទួយមរតកយុទ្ធគុនគ្រប់ទម្រង់របស់បុព្វបុរសដូនតាខ្មែរយើង ដែលជាអត្ដសញ្ញាណជាតិ ដើម្បីពង្រឹងសមត្ថភាពក្បាច់គុនខ្មែរ និងដាស់ព្រលឹងក្បាច់គុន ក៏ដូចជាពង្រឹងសមត្ថភាពយុវជនដើម្បីធ្វើការប្រកួតទាំងលក្ខណះជាតិ តំបន់ និងអន្តរជាតិឲ្យកាន់តែមានសន្ទុះខ្លាំងក្លានិងមានប្រជាប្រិយភាពថែមទៀត។
ព្រោះកន្លងមកសម្ដេច ក៏បានដាក់បញ្ចូលក្បាច់គុនល្បុក្កតោ ដើម្បីបម្រើឲ្យវិស័យកងទ័ពរួចហើយ។ ចំណែកឯនានាប្រទេសវិញ ដែលមានក្បាច់គុនបុរាណរបស់គេ ក៏គេបានដាក់បញ្ចូលឲ្យបម្រើវិស័យកងទ័ព របស់គេដូចគ្នា មានដូចជាចិន កងទ័ពត្រូវហាត់ក្បាច់គុនកុងហ្វូ , កូរ៉េខាងត្បូងកងទ័ពត្រូវហាត់ក្បាច់គុនតៃក្វាន់ដូ ជាដើម។ ដូច្នេះការស្ដារទ្បើងវិញនូវគ្រប់ទម្រង់យុទ្ធគុនអស់ទាំងនេះ គឺជាបន្ទុករបស់ខ្មែរទាំងអស់គ្នាមិនថា ក្នុងឬក្រៅប្រទេសនោះឡើយ គឺទាមទារឲ្យខ្មែរនិងខ្មែរនៅគ្រប់ទិសទីរួបរួមគ្នា ក្នុងការស្ដារទ្បើងវិញ ដើម្បីរក្សាអត្ដសញ្ញាណជាតិ បម្រើឲ្យវិស័យកីទ្បា យោធា និងសុខភាព ហើយរក្សាបាននូវមរតកវប្បធម៌ដ៏ប្រពៃថ្លៃថ្លានិងដ៏អស្ចារ្យរបស់បុព្វបុរសដូនតាយើងតាំងពីបុរាណរៀងមក៕