(ភ្នំពេ៣)៖ ចាប់ពីនៅថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពីលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងអនុប្រធាន សមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅ ៤ទីតាំងផ្សេងគ្នា។

ទីតាំងទាំង៤ នោះមានដូចជា៖ ទី១៖ នៅលើផ្លូវជាតិលេខ៥ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រួតពិនិត្យយានយន្តចំនួន ០១គ្រឿង មានពាក់ឡូហ្គោ SSP ដឹកខ្សាច់ ផ្ទុកទម្ងន់ចំនួន ៤៥តោន លើសទម្ងន់កម្រិតកំណត់ចំនួន ១៥តោន។ ទី២៖ នៅលើផ្លូវជាតិលេខ១០ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រួតពិនិត្យយានយន្តចំនួន ០១គ្រឿងមានពាក់ឡូហ្គោ SSP ដឹកខ្សាច់ ផ្ទុកទម្ងន់ចំនួន ៥៨តោន លើសទម្ងន់កម្រិតកំណត់ចំនួន ៣៣តោន។ ទី៣៖ នៅលើផ្លូវជាតិលេខ១១ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ ត្រួតពិនិត្យយានយន្តចំនួន ១៣គ្រឿង លើសទម្ងន់ទាំង ០៤គ្រឿង ដឹកថ្ម និងគ្រឿងសំណង់ ផ្ទុកលើសទម្ងន់ចន្លោះពី ២២តោន ដល់ ៤៤តោន លើសទម្ងន់កម្រិតកំណត់ចន្លោះពី ០៦តោន ដល់ ១៩តោន ។ទី៤៖ នៅលើផ្លូវជាតិលេខ១១ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ត្រួតពិនិត្យយានយន្តចំនួន ០១គ្រឿង ដឹកថ្ម ផ្ទុកទម្ងន់ចំនួន ៤២តោន លើសទម្ងន់កម្រិតកំណត់ចំនួន ១២តោន។

សរុបលទ្ធផលនៅក្នុងយុទ្ធនាការត្រួតពិនិត្យយានយន្តទាំង ៤ទីតាំងខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តចំនួន ១៦គ្រឿង លើសទម្ងន់កម្រិតកំណត់ចំនួន ០៧គ្រឿង ផ្ទុកទម្ងន់សរុបចន្លោះពី ៣១តោន ដល់ ៥៨តោន លើសទម្ងន់កម្រិតកំណត់ចន្លោះពី ០៦តោន ដល់ ៣៣តោន ត្រូវបានពិន័យអន្តរការណ៍ជាប្រាក់ និងឃាត់ទុករយៈពេល ០១ឆ្នាំ ចំនួន ០២គ្រឿង(លើសពី ២០% នៃច្បាប់អនុញ្ញាត) ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹងលេខ០៤៩ សជណ.សក.គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និង អ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ដែលប្រកបរបរដឹកជញ្ជូនទំនិញ សូមចូលរួមបញ្ឈប់ការប្រើប្រាស់ឡូហ្គោផ្សេងៗបិទជាប់ឡាន និងកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលឈានទៅដល់ការឃាត់រថយន្តទុកចំនួន ១ឆ្នាំ ដែលនាំឱ្យប៉ះពាល់ដល់ការប្រកបរបរដឹកជញ្ជូន និងជីវភាពរស់នៅប្រចាំថ្ងៃ និងសូមបញ្ជាក់ថារាល់ការអន្តរាគមន៍ទាំងអស់ គឺពុំមានប្រសិទ្ធភាព និងត្រូវបានបញ្ចប់។

ការចូលរួមគោរពច្បាប់ ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់របស់បងប្អូនប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីការពារផ្លូវថ្នល់យើងខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ។ ក្រសួង នឹងបន្តយុទ្ធនាការត្រួតពិនិត្យយានយន្តដឹកជញ្ជូន​លើសទម្ងន់កម្រិត​​កំណត់​នៅទូទាំងប្រទេសដូចភ្លៀងរលឹម ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែង៕