(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានបន្តចាត់វិធានការលើអ្នកប្រើប្រាស់បណ្តាញសង្គម ដែលបង្កើតព័ត៌មានក្លែងក្លាយ ឬមាតិកា ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជា និងបង្កការភាន់ច្រឡំ។ នេះបើតាមអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

ការបន្តវិធានការនេះ បានធ្វើឡើងក្រោយសង្កេតឃើញថា បណ្តាញសង្គមមួយចំនួនជាពិសេសក្រុមប្រឆាំង​ និងក្រុម MMO បានបន្តកាត់តរូបភាព និងវីដេអូចាស់ៗ ឬវីដេអូបរទេស ដើម្បីធ្វើឱ្យមានការភាន់ច្រឡំថា រឿងទាំងនោះកើតឡើង នៅក្នុងប្រទេសកម្ពុជា។

នាថ្មីៗនេះ មានករណីបង្ហោះនៅលើហ្វេសប៊ុកមួយចំនួនក្នុងនោះក៏មាននៅលើបណ្តាញសង្គមឈ្មោះ Cam-Hotnews ដែលថា មានករណីជនជាតិចិនបាញ់ប្រហារសម្លាប់មនុស្សយ៉ាងសាហាវនៅក្នុងបន្ទប់នៃភោជនីយដ្ឋានមួយ នាម្តុំកាំកូស៊ីធី រាជធានីភ្នំពេញ។ ព័ត៌មានក្លែងក្លាយនេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម ចែកចាយយ៉ាងព្រោងព្រាត រហូតដល់មានការបញ្ជាក់ពីសមត្ថកិច្ចថា ករណីនេះមិនមែនកើតឡើងនៅកម្ពុជាទេ គឺជាករណីដែលកើតឡើងនៅប្រទេសហ្វីលីពីនប៉ុណ្ណោះ។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មា​ន បានឱ្យដឹងថា ករណីរកឃើញថា មានការបង្ហោះព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គម ក្រសួងបានស្នើសុំឱ្យគាត់លុបមាតិកានោះ ដោយសារតែជាមាតិកាដែលជាប្រភពមិនច្បាស់លាស់ មិនមែនជាព្រឹត្តិការណ៍ដែលកើតនៅក្នុងប្រទេសកម្ពុជា ហើយដែលបានផ្សាយធ្វើឱ្យមានការភាន់ច្រឡំ ដោយការផ្សព្វផ្សាយធ្វើឱ្យប៉ះពាល់ដល់ភាពសុខសាន្ត និងការរស់នៅរបស់ប្រជាពលរដ្ឋ។

លោកបានបន្តថា «ក្នុងករណីដែលគាត់មិនទាន់រាងចាល អាចត្រូវបានកោះហៅមកទទួលការអប់រំ ឬក៏ត្រូវមានលិខិតព្រមាន ដោយសារតែការផ្សព្វផ្សាយមួយចំនួនបានធ្វើឡើងក្នុងអង្គភាពព័ត៌មានផ្សព្វផ្សាយបែបអនឡាញ ដែលមានការចុះបញ្ជីដូច្នេះអាចអញ្ជើញគាត់ឱ្យទទួលបានការណែនាំពាក់ព័ន្ធទៅនឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន»។

លោកបានបន្ថែមថា ករណីព័ត៌មានដែលបានចែកចាយធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ក្រសួងក៏នឹងសុំឱ្យម្ចាស់គណនីលុបចោល ហើយមិនត្រឹមតែលុបចោលនូវមាតិកាប៉ុណ្ណោះទេ យន្តការអន្តរក្រសួងក៏នឹងលុបគណនីពាក់ព័ន្ធទាំងអស់ ក្នុងករណីគេហទំព័រ និងពិនិត្យព្យួរ ឬបញ្ឈប់ និងផ្អាកករណីគេហទំព័រព័ត៌មាននោះតែម្តង។

បើតាម អ្នកនាំពាក្យក្រសួងព័ត៌មាន, នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ក្រសួងបានកត់ត្រាទុកនៅប្រភេទព័ត៌មានក្លែងក្លាយចំនួន ៩៨៥ ករណី រាប់ចូលទាំងករណីប្រឌិត បំភ្លៃ ការក្រឡៃព័ត៌មាន ការបំពុលសង្គម ក៏ដូចជាមានករណីអ្នកដែលមានចរិតញុះញង់ប្រមាថ ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ ក៏ដូចជាការបរិហារកេរ្តិ៍មន្ត្រីសាធារណៈជាដើម៕