(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ ជាអគ្គនាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងឧត្តមសេនីយ៍ ជាប្រធាននាយកដ្ឋាន និងប្រធានជំនាញ នៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានចុះពិនិត្យពីវឌ្ឍនភាពការងារ សាងសង់អគារតេជោសន្តិភាព នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ចំពោះការសាងសង់អគារខាងលើនេះ ត្រូវបានអគ្គនាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឱ្យដឹងថា ចំពោះអគារស្នាក់នៅសង់ប្រមាណ៩៦%, អគារសម្រាប់បន្ទប់សិក្សាសង់បានប្រមាណ៩៩% ចំណែកអគារសាលប្រជុំ គឺសង់បានប្រមាណ៨៨%។ ចំពោះអគារទាំង៣ខាងលើនេះនឹងបន្តបំពាក់សម្ភារៈ នៅក្នុងបន្ទប់ ផងដែរ។ ក្រៅពីការសង់អគារខាងលើ ចំពោះហេដ្ឋារចនាសម្ព័ន្ធដែលមានផ្លូវបេតុង បំពាក់អំពូលសឡា គឺស្ថាបនារួចរាល់១០០%។ ចំណែកការរៀបចំសួនផ្កានិងដាំស្មៅគឺធ្វើបាន ជិតរួចរាល់ហើយផងដែរ។

អគារកំពុងសាងសង់ដែលបានប្រសិទ្ធនាមថាតេជោសន្តិភាព គឺសម្រាប់ធ្វើការហ្វឹកហ្វឺនបណ្តុះបណ្តាលដល់សិក្ខាកាមថ្នាក់តំបន់និងសកល។ ជាមួយគ្នាអគារតេជោសន្តិភាព នឹងសាងសង់ឱ្យរួចរាល់នៅមុនវគ្គហ្វឹកហ្វឺនជំនាញវិស្វកម្មត្រីភាគី កម្ពុជា កូរ៉េខាងត្បូង អ.ស.ប នៅចុងឆ្នាំ២០២៤ និងវគ្គហ្វឹកហ្វឺនជំនាញវិស្វកម្មត្រីភាគី កម្ពុជា ជប៉ុន អ.ស.ប នាដើមឆ្នាំ២០២៥ ខាងមុខនេះ៕