(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិង​ឧតុនិយមបានចុះ​អនុស្សរណៈនៃការយោគយល់គ្នាជាមួយវិទ្យាស្ថានបច្ចេក​វិទ្យា​កម្ពុជា​​ ស្ដីពីកិច្ចសហប្រតិបត្ដិការលើការ​អភិវឌ្ឍនធនធានមនុស្ស​​ ក្នុងគោលបំណង​បង្កើននិង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើការអភិវឌ្ឍធនធានមនុស្ស​ក្នុងវិស័យធនធានទឹកនិង​ឧតុនិយម​ តាមរយៈការបណ្ដុះបណ្តាល​ ការកសាងសមត្ថភាព​ ការផ្លាស់ប្ដូរព័ត៌មាននិងបទពិសោធន៍​ និង​ការសិក្សាស្រាវជ្រាវ​។

ការចុះអនុស្សរណៈនេះធ្វើឡើងនាថ្ងៃទី​២១ ខែតុលា​ ឆ្នាំ​២០២៤​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ ក្រោមអធិបតីភាពលោក ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួងធនធានទឹកនិង​ឧតុនិយម​ អមដំណើរ​ដោយរដ្ឋលេខាធិការ​ប្រចាំការ​ ថ្នាក់ដឹកនាំ​ និង​មន្ត្រីរាជការក្រសួង​។ អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក​​ ម៉េង ប៉ូគន្ធ​ អគ្គនាយក​នៃអគ្គនាយកដ្ឋានកិច្ចការ​​រដ្ឋបាល​ តំណាងក្រសួងធនធានទឹកនិង​ឧតុនិយម​ និង​លោកសាស្ត្រាចារ្យ​បណ្ឌិត​​ ប៉ូ គឹមថូ​​ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។​ អនុស្សរណៈនេះ​មានសុពលភាពរយៈពេល៥ឆ្នាំ​ គិតចាប់ពីថ្ងៃចុះហត្ថលេខាតទៅ​ ហើយសុពលភាព​នេះ​អាចត្រូវ​បន្ត​ ឬបញ្ចប់​​ អាស្រ័យដោយមានការព្រមព្រៀងគ្នារវាង​ភាគីទាំងពីរ។

អនុស្សរណៈនៃការយោគយល់គ្នានេះ​មានគោលបំណង​បង្កើននិង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើការអភិវឌ្ឍធនធានមនុស្ស​ក្នុងវិស័យធនធានទឹកនិង​ឧតុនិយម​ តាមរយៈការបណ្ដុះបណ្តាល​ ការកសាងសមត្ថភាព​ ការផ្លាស់ប្ដូរព័ត៌មាននិងបទពិសោធន៍​ និង​ការសិក្សាស្រាវជ្រាវ​ ព្រមទាំង​ចូលរួម​អនុវត្ត​​គម្រោង​និង​សកម្មភាព​រួមគ្នា​ដែល​នឹង​ជួយ​គាំទ្រ​គ្នា​ទៅវិញ​ទៅ​មក​ក្នុង​ការ​លើក​កម្ពស់​សមត្ថភាព​ធនធានមនុស្ស​ក្នុងវិស័យនេះ​។​

នាឱកាសនោះ លោក​រដ្ឋមន្ត្រី​បានបញ្ជាក់ថា​ វិស័យធនធានទឹកនិងឧតុនិយមបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការអនុវត្តនូវ​អាទិភាពគន្លឹះទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាគឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយភាព​ឈ្លាសវៃ​ និង​ប៉ិនប្រសប់​របស់​សម្ដេច​មហាបវរធិបតី​ ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។

លោក​រដ្ឋមន្ត្រី​បានបន្តថា​ ក្នុងបរិបទបច្ចុប្បន្ន វិស័យធនធានទឹកនិងឧតុនិយមបាននិងកំពុងបម្រើយ៉ាងសកម្មដល់វិស័យកសិកម្ម និងវិស័យដែលពាក់ព័ន្ធដទៃទៀត​មានជាអាទិ៍ ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ កិច្ចគាំពារបរិស្ថាន ការដឹកជញ្ជូន រ៉ែនិងថាមពល អភិវឌ្ឍន៍ជនបទ ឧស្សាហកម្ម ទេសចរណ៍ ការគ្រប់គ្រងគ្រោះមហន្តរាយ ។ល។ ហើយ​ដែលទាមទារឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធចូលរួម​សហការ និងគាំទ្រ។

លោក​រដ្ឋមន្ត្រី​បានបង្ហាញនូវជំនឿ​យ៉ាងមុតមាំ​ថា តាមរយៈក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ​នេះ​ ក្រសួង-ស្ថាប័នទាំងពីរនឹងបង្កើនការកសាងសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាន​និង​បទពិសោធន៍ និងការសិក្សាស្រាវជ្រាវ លើការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍបច្ចេកវិទ្យាទំនើបៗ និងជំរុញអ្នកជំនាញជំនាន់ថ្មីកាន់តែច្រើន៕