(សិង្ហបុរី)៖ តបតាមការអញ្ជើញរបស់លោក Gan Kim Yong ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្ម របស់សិង្ហបុរី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋាន អាស៊ាន មកចូលរួមក្នុងសប្តាហ៍ថាមពលអន្តរជាតិសិង្ហបុរី (SIEW) លើកទី១៧ នៅប្រទេសសិង្ហបុរីហើយនៅព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី។

លោកបណ្ឌិត កៅ គឹមហួន បានផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Channel News Asia របស់សិង្ហបុរី។ នៅក្នុងឱកាសនោះ គាត់បានគូសបញ្ជាក់ពីលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤-៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលទើបបានបញ្ចប់ទៅកាលពីពេលថ្មីៗនេះទៅប្រទេសឡាវ ហើយក៏បានជម្រាបជូនអំពីសារៈសំខាន់ នៃការជំរុញទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូខាងក្រៅរបស់អាស៊ានផងដែរ។

នៅព្រឹកថ្ងៃចន្ទ លោកបណ្ឌិត កៅ គឹមហួន បានផ្តល់សន្ទរកថា គន្លឹះនៅក្នុងកិច្ចប្រជុំកំពូលនៃសប្តាហ៍ថាមពលអន្តរជាតិសិង្ហបុរី (SIEW)។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីតម្រូវការក្នុងការជំរុញ កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសសមាជិកអាស៊ាន ក៏ដូចជាជាមួយប្រទេសដៃគូខាងក្រៅ ក្នុងការពង្រឹងសន្តិសុខថាមពលក្នុងតំបន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកក៏បានទទូចឱ្យមានការសហការគ្នាកាន់តែខ្លាំងក្នុងការជំរុញគំនិតផ្តួចផ្តើមនានា ដូចជា ខ្សែបណ្តាញអគ្គិសនីអាស៊ាន និងបង្កើននវានុវត្តន៍នៅក្នុងថាមពលកកើតឡើងវិញ ដើម្បីបំពេញតាមតម្រូវការថាមពលនាពេលអនាគត។

អគ្គលេខាធិការអាស៊ានបាន បានផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មាន Asian Power។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីគំនិតផ្តួតផ្តើមនានារបស់អាស៊ាន ក្នុងការជំរុញការផ្លាស់ប្តូរថាមពលក្នុងតំបន់ ដូចជា ការបង្កើតខ្សែបណ្តាញអគ្គិសនីអាស៊ាន ដែលសំដៅតភ្ជាប់បណ្តាញអគ្គិសនីរបស់តំបន់ ដើម្បីធ្វើឱ្យប្រសើរឡើងដល់ការផ្គត់ផ្គង់ និងភាពធន់នៃថាមពល៕