(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី និងក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំរួមគ្នាផ្សព្វផ្សាយពី «ការលើកកម្ពស់ស្រ្តីជាអ្នកដឹកនាំ និងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល»។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ច័ន្ទ សូរិយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារី តំណាងរដ្ឋមន្ដ្រី និងលោកស្រី ចាន់ សុខា អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល តំណាងរដ្ឋមន្ដ្រី។

ថ្លែងក្នុងឱកាសនោះ លោកស្រី ច័ន្ទ សូរិយ៍ បានលើកឡើងថា ក្រសួងកិច្ចការនារី ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល បានដើរតួយ៉ាងសំខាន់ និងសកម្មក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី បានដឹកនាំសម្របសម្រួលជាមួយគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជនក្នុងការលើកកម្ពស់ស្ថានភាពរបស់ស្រ្តី និងក្មេងស្រីនៅក្នុងប្រទេសកម្ពុជា។

លោកស្រីបន្ដថា ក្រសួងកិច្ចការនារី បានផ្សព្វផ្សាយដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្រ្ត នារីរតនៈទី៦ ដើម្បីលើកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ដែលមានយុទ្ធសាស្រ្តសំខាន់ៗ ជាច្រើនដោយក្នុងនោះមានការរៀបចំគោលនយោបាយនានាទាក់ទងយេនឌ័រនឹងសុខភាព។ ការរៀបចំអនុសាសន៍គោលនយោបាយសង្ខេបទាក់ទងនឹងយេនឌ័រ និងសុខភាព ពិតជាមានសារៈសំខាន់ណាស់ ហើយក៏ជាផ្នែកមួយនៃការអនុវត្តផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ ផងដែរ។

ដោយផ្អែកលើផែនការយុទ្ធសាស្រ្តទាំងនេះ ក្រសួងកិច្ចការនារី សហការជាមួយក្រសួងសុខាភិបាល វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានរៀបចំសិក្ខាសាលាដំបូងនៅខែធ្នូ ឆ្នាំ២០២៣ អង្គសិក្ខាសាលាបានជ្រើសរើសប្រធានបទចំនួន១៦ ហើយបានសម្រេចយក៥ប្រធានបទ ក្នុងសិក្ខាសាលានាខែមេសា ឆ្នាំ២០២៤។ ជាបន្តបន្ទាប់ក្រុមការងារអន្តរក្រសួង បានបំពេញការងាររៀបចំអនុសាសន៍គោលនយោបាយចំនួន៥ រហូតបានទទួលជោគជ័យ រួមមាន៖

*ទី១៖ លើកកម្ពស់សេវាឆ្លើយតបចំពោះស្រ្តី និងកុមាររងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ
*ទី២៖ ជំរុញការលុបបំបាត់ជំងឺមហារីកមាត់ស្បូនដើម្បីសង្គ្រោះជីវិតស្រ្តី
*ទី៣៖ កាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារ ដោយលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភសម្រាប់ស្រ្តីក្នុងវ័យបន្តពូជ ស្រ្តីមានផ្ទៃពោះ និងស្ត្រីក្រោយសម្រាលកូន អាយុ១៥-៤៩ឆ្នាំ
*ទី៤៖ ការកាត់បន្ថយផលប៉ះពាល់ និងអត្រារៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់
*ទី៥៖ លើកកម្ពស់តួនាទីស្រ្តីជាថ្នាក់ដឹកនាំ និងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល។

លោកស្រី ច័ន្ទ សូរិយ៍ បានថ្លែងអំណរគុណដល់អង្គការ Vital Strategies ដែលបានផ្តល់ការគាំទ្រទាំងបច្ចេកទេស និងថវិកាដល់កម្ពុជា ជាពិសេសបានជួយដល់ក្រសួងកិច្ចការនារី និងក្រសួងពាក់ព័ន្ធលើការរៀបចំអនុសាសន៍គោលនយោបាយសង្ខេបទាំងនេះ ព្រមទាំងជំរុញការប្រើប្រាស់ទិន្នន័យសុខាភិបាល តាមរយៈការគាំទ្រដល់ការផលិត ការវិភាគសុខភាពសាធារណៈជាអាទិភាព ។

បន្ថែមពីនេះ លោកស្រីក៏បានកោតសរសើរដល់ក្រុមការងារបច្ចេកទេសអន្តរក្រសួងទាំងបី គឺ ក្រសួងកិច្ចការនារី ក្រសួងសុខាភិបាល វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ និងតំណាងរបស់អង្គការ Vital Strategies លោកវេជ្ជ. មាន រតនសម្បត្តិ ដែលបានសហការរៀបចំយ៉ាងល្អលើការងារ D2P នេះ។

សូមជម្រាបថា ក្រសួងកិច្ចការនារី សហការជាមួយក្រសួងផែនការ ក្រសួងសុខាភិបាល និងអង្គការ Vital Strategies បានអនុវត្តគម្រោងគម្រោងស្តីពី ការប្រែក្លាយទិន្នន័យទៅជាអនុសាសន៍គោលនយោបាយ សង្ខេបទាក់ទងនឹងសុខភាព (D2P) ចាប់ពីខែធ្នូ ឆ្នាំ២០២៣ រហូតដល់បច្ចុប្បន្ន។ ការប្រែក្លាយទិន្នន័យទៅជាអនុសាសន៍គោលនយោបាយ សង្ខេបទាក់ទងនឹងសុខភាព (D2P) មានគោលបំណង៖

* លើកកម្ពស់ការវិភាគ និងការប្រើប្រាស់ទិន្នន័យសុខភាពសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន
* បង្កើនសមត្ថភាពមន្រ្តីក្រសួងទាំង៣ ក្នុងការវិភាគ និងប្រើប្រាស់ទិន្នន័យសម្រាប់រៀបចំអនុសាសន៍គោលនយោបាយសង្ខេប ទាក់ទងនឹងយេនឌ័រ និងសុខភាព
* ផ្សព្វផ្សាយអនុសាសន៍គោលនោយបាយ និងតាមដានត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តអនុសាសន៍គោលនយោបាយ៕