(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានសហការជាមួយអង្គការ Mekong Future Initiative នឹងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ស្ដីពីការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៤ (CCCS24) នៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីការទូត មន្ត្រីរាជការ ដៃគូអភិវឌ្ឍន៍ អ្នកជំនាញអាកាសធាតុវិស័យឯកជន និងអង្គការសង្គមស៊ីវិលនានា ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិជាង៣០០នាក់ នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ដើម្បីពិនិត្យ និងពិភាក្សាលើឯកសារយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន នៅចំពេលដែលកម្ពុជា និងពិភពលោកទាំងមូលកំពុងត្រៀមរៀបចំសន្និសីទកំពូលក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួល់អាកាសធាតុលើកទី២៩ (CoP29) នៅទីក្រុងបាគូ ប្រទេសអាហ្សែបៃសង់។
នៅក្នុងព្រឹត្តិការណ៍នៃកិច្ចប្រជុំប្រចាំឆ្នាំនេះវាគ្មិនជាង២០ ក្រុមពិភាក្សានឹងជជែកបង្ហាញពីប្រធានបទសំខាន់ៗដូចជា៖ ថាមពលកកើតឡើងវិញ ហិរញ្ញប្បទានបៃតង ទីផ្សារឥណទានកាបូន គោលដៅអភិវឌ្ឍន៍ដោយចីរភាព និងនវានុវត្តន៍បច្ចេកវិទ្យាបរិស្ថាន សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការដើម្បីសម្រេចឱ្យបានពេញលេញនូវចក្ខុវិស័យរបស់កម្ពុជា ប្រកបដោយភាពស្អាត បៃតង និងចីរភាព និងបញ្ជាក់ពីការចូលរួមរបស់កម្ពុជា ក្នុងការឆ្លើយតបនឹងប្រែប្រួលអាកាសធាតុដោយជោគជ័យ និងមានអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។
កិច្ចប្រជុំប្រចាំឆ្នាំស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៤ (CCCS24) ក៏មានការដាក់តាំងពិព័រណ៍បង្ហាញពីជម្រើសឈានឆ្ពោះទៅរកដំណោះស្រាយដោយនិរន្តរភាព ឆ្លើយតបនឹងបញ្ហាប្រឈមសកលដែលចូលរួម ចំណែកដល់ ប្រសិទ្ធភាពក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ របស់ក្រសួង ស្ថាប័នដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុន សហគ្រាស សមាគម និងអង្គការដៃគូសហការនានាផងដែរ៕