(ភ្នំពេញ)៖ ប្រធាននាយកដ្ឋានបឋមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត កាន់ ពុទ្ធី បានណែនាំដល់អាណាព្យាបាលទាំងឡាយជំរុញកូនៗឱ្យអានសៀវភៅ និងកាត់បន្ថយការមើលទូរស័ព្ទ ដែលរំខានដល់ការសិក្សារៀនសូត្ររបស់ពួកគេ។
ការណែនាំរបស់លោកបណ្ឌិត កាន់ ពុទ្ធី បានធ្វើឡើងក្នុបពិធីប្រគល់សញ្ញាបត្រ លិខិតសរសើរ និងមេដាយជូនសិស្សទទួលបានជ័យលាភីក្នុងឆ្នាំសិក្សា២០២៣-២០២៤ របស់សាលាជេនសាណាចំនួន ៥៥៨នាក់ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។
សាលាជេនសាណា គ្រឹះស្ថានអប់រំចំណេះដឹងទូទៅមួយ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលសិស្សឱ្យទទួលបានចំណេះដឹង និងបំណិនជីវិតផ្សេងៗអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នៅថ្ងៃទី២០ ខែតុលា សាលាបានរៀបចំពិធីប្រគល់សញ្ញាបត្រ លិខិតសរសើរ និងមេដាយជូនសិស្សទទួលបានជ័យលាភីក្នុងឆ្នាំសិក្សា២០២៣-២០២៤។
ក្នុងពិធីនោះ លោកស្រី ដួង សុវណ្ណារ៉ា នាយិកាសាលា បានធ្វើរបាយការណ៍ស្វាគមន៍ ដោយសង្កត់ធ្ងន់លើស្ថានភាពសាលាដែលមានសិស្សកើនឡើងជាលំដាប់ពីមួយឆ្នាំ ទៅមួយឆ្នាំ ជាក់ស្ដែងឆ្នាំសិក្សា ២០២៤-២០២៥ នេះសាលាមានថ្នាក់់បឋមសិក្សាចំណេះទូទៅ ថ្នាក់ភាសាអង់គ្លេស ថ្នាក់កុំព្យូទ័រ, ភាសាចិន ដែលមានសិស្សទាំងអស់ចំនួន៤,៥០០នាក់ ជាមួយគ្រូបង្រៀនសរុប ១០៥នាក់។
លោកស្រី បានបន្តថា សាលាបានយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងគុណភាព ប្រសិទ្ធភាពអប់រំ និងសមត្ថភាពគ្រូបង្រៀនជាកត្តាសំខាន់។ បើទោះបីជាយ៉ាងណា ភាពជោគជ័យលើការអប់រំរបស់សាលាក៏មិនអាចខ្វះបានពីការចូលរួមពេញលេញរបស់ឪពុកម្ដាយ អាណាព្យាបាលសិស្សផងដែរ។
លោកបណ្ឌិត កាន់ ពុទ្ធី បានសម្តែងការអបអរសាទរជាមួយសិស្សជ័យលាភីទាំងអស់ ព្រមទាំងណែនាំសាលាឱ្យរៀបចំកម្មវិធីសិក្សា មានភាពបត់បែនឱ្យទាន់ការវិវឌ្ឍបច្ចេកវិទ្យា និងស្របតាមគោលនយបាយរបស់រាជរដ្ឋាភិបាលដែលផ្តោតលើប្រព័ន្ធឌីជីថល។
លោកបណ្ឌិត កាន់ ពុទ្ធី ក៏ណែនាំឱ្យយកចិត្តទុកដាក់លើការអប់រំពីថ្នាក់ទី១ ដល់ថ្នាក់ទី៣ លើមូលដ្ឋានគ្រឹះភាសាខ្មែរ, និងគណិតវិទ្យា។ សម្រាប់ថ្នាក់ទី៥ ដល់ទី៦ យកចិត្តទុកដាក់ភាសាបរទេស, កុំព្យូទ័រ និងលើឡើងពីវិធានការ៤ផ្សេងទៀតរួមមាន៖ អភិបាលកិច្ចសាលារៀន, ការកែលម្អកម្មវិធីសិក្សា, ការពង្រឹងវិន័យ សីលធម៌ ឥរិយាបថ និងងជួយការងារផ្ទះខ្លះៗតាមលទ្ធភាព។
លោកបណ្ឌិតក៏បានលើកឡើងពីបំណិនសតវត្សរ៍ទី២១ ដែលតម្រូវឱ្យយកចិត្តទុកដាក់លើការប្រាស្រ័យទាក់ទង, កិច្ចសហការ, ការគិតពិចារណា និងការបង្កើតថ្មី។ បន្ថែមពីនោះ លោកប្រធាននាយកដ្ឋានបឋមសិក្សាបានផ្ដាំផ្ញើដល់មាតាបិតាអាណាព្យាបាលសិស្ស: ជំរុញកូនឱ្យអានសៀវភៅ, កុំមើលទូរសព្ទច្រើនពេក, ការសេពគប់មិត្តភក្តិមិនល្អ និងជៀសវាងពីគ្រឿងញៀន។
លោកបណ្ឌិត ក៏បានផ្តាំផ្ញើគ្រូឱ្យខិតខំបង្កើនសមត្ថភាព វិធីសាស្រ្តបង្រៀនថ្មីៗ ភាសាបរទេស កុំព្យូទ័រ ប្រព័ន្ធព័ត៌មានវិទ្យា ពង្រឹងសីលធម៌ វិន័យជាដើម។
បន្ទាប់មកលោកបណ្ឌិតប្រធាននាយកដ្ឋានបានចែកវិញ្ញាបនបត្រដល់សិស្សចំនួន៥៥៨នាក់ រួមមាន៖ សិស្សបញ្ចប់ថ្នាក់បឋមសិក្សា ចំណេះទូទៅមានចំនួន៥០នាក់ ស្រី៣៧នាក់,សិស្សពូកែចំណាត់ថ្នាក់លេខ១ លេខ២ លេខ៣ ចំនួន ៣៧៩នាក់ ស្រី ២១៧នាក់ និង
សិស្សទទួលបានជ័យលាភីមេដាយមាស ក្នុងការប្រកួតសិស្សឆ្នើមប្រចាំឆ្នាំចំនួន ១២៩នាក់ ស្រី ៨៧នាក់៕