(ម៉ាឡេស៉ី)៖ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអញ្ជើញចូលរួមព្រឹត្តិការណ៍ ស្តីពីការចរចាកិច្ចព្រមព្រៀងសេវាដឹកជញ្ជូនតាមផ្លូវអាកាស ដែលរៀបចំដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO Air Services Negotiation Event - ICAN2024) ចាប់ពីថ្ងៃទី២១-២៥ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សា និងសម្រេចនូវការព្រមព្រៀងនានា ពាក់ព័ន្ធនឹងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស។
ក្នុងឱកាសនេះដែរ បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានចូលរួមជួបប្រជុំទ្វេភាគីជាមួយអាជ្ញាធរអាកាសចរណ៍ស៊ីវិលតួកគី ដើម្បីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) ស្តីពីការអនុវត្តសិទ្ធិហោះហើរកូធ័រមីណល (Co-terminal Rights) ក្នុងការជំរុញការហោះហើរត្រង់ដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសអន្តរជាតិ រវាងប្រទេសទាំងពីរ ព្រមទាំងសម្រួលការធ្វើដំណើរតាមផ្លូវអាកាសពីអឺរ៉ុប មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាគោលនយោបាយថ្មីរបស់កម្ពុជា ក្រោយពីបានទទួលការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។
បន្ទាប់មកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏បានចូលរួមជួបប្រជុំទ្វេភាគីជាមួយអាជ្ញាធរអាកាសចរណ៍ស៊ីវិលអារ៉ាប់រួមអេមីរ៉ាត់ ដើម្បីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) ស្តីពីការអនុវត្តសិទ្ធិហោះហើរផងដែរ៕