(កំពង់ឆ្នាំង)៖ ក្រោយពីធ្វើដំណើរតាមផ្លូវដី និងប្រឈមនឹងការលិចទឹក រអិល ពិបាកក្នុងការធ្វើដំណើរជាច្រើនឆ្នាំមកហើយនោះ ប្រជាពលរដ្ឋជាច្រើនភូមិរស់នៅក្នុងឃុំចំនួន ៣ផ្សេងគ្នា ក្នុងស្រុករលាប្អៀរ និងស្រុកទឹកផុស ក្នុងខេត្តកំពង់ឆ្នាំង បានស្នើសុំដល់អាជ្ញាធរឃុំ និងថ្នាក់ដឹកនាំជួយសម្រួលជួសជុល និងស្ថាបនាផ្លូវមួយខ្សែមានប្រវែងជាង ៥គីឡូម៉ែត្រ ចេញពីផ្លូវគ្រួសក្រហមក្នុងភូមិអណ្ដូងប្រេង ឃុំក្រាំងលាវ ទៅឡើងភូមិភ្នំតាសាំ ក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស ដើម្បីផ្តល់ជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកកសិផលទៅកាន់ទីផ្សារ។
អ្នកមីង លឹម យ៉ឹម មានអាយុប្រមាណជាង ៥០ឆ្នាំ បានប្រាប់ដល់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ឲ្យដឹងថា ពួកគាត់ទាំងអស់គ្នានេះមានទីលំនៅក្នុងតំបន់ប្រក្រូច បច្ចុប្បន្នត្រូវបានកាត់បញ្ចូលទៅក្នុងភូមិភ្នំតាសាំ ឃុំក្រាំងស្គារ ស្រុកទឹកផុស និងពលរដ្ឋមួយចំនួនទៀតមានទីលំនៅក្នុងភូមិអណ្ដូងប្រេង ឃុំក្រាំងលាវ រួមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានដទៃទៀត ដែលមានស្រែ ចម្ការតាំងពីដូនតាមកនៅតាមដងផ្លូវចាស់មួយខ្សែនេះ នឹងបានសំណូមពរដល់អាជ្ញាធរឃុំក្រាំងស្គារ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តាជួយស្ថាបនាផ្លូវមួយខ្សែដែលតភ្ជាប់ពីផ្លូវគ្រួសក្រហមចេញពីភូមិអណ្ដូងប្រេង ឃុំក្រាំងលាវ ទៅឡើ ងផ្លូវក្រាលកៅស៊ូ ក្បែរជើងភ្នំតាសាំ ស្ថិតក្នុងភូមិភ្នំតាសាំ ឃុំក្រាំងស្គារ ស្រុកទឹកផុស ដែលផ្លូវនេះមានតាំងពីបុរមបុរាណមក តែមិនដែលបានជួសជុល ឬស្ថាបនាថ្មីម្ដងណាឡើយ រយៈពេលជាង៤០ឆ្នាំកន្លងមកនេះ។
អ្នកមីង បានបន្តឲ្យដឹងទៀតថា ដោយសារតែពលរដ្ឋជាច្រើនគ្រួសារមានដីចំការនិងដីស្រែ នៅតាមសងខាងផ្លូវចាស់មួយខ្សែនេះ និងដោយមានការលំបាកក្នុងការធ្វើដំណើរ និងដឹកកសិផលផ្សេងៗផងនោះ ទើបអ្នកមីង និងប្រជាពលរដ្ឋជាច្រើនទៀតបានស្នើសុំដល់ថ្នាក់ដឹកនាំ ជាពិសេសអាជ្ញាធរឃុំក្រាំងស្គារ មេត្តាពិនិត្យនិងធ្វើការសិក្សាដើម្បីជួយស្ថាបនាផ្លូវចាស់មួយខ្សែនេះសម្រាប់បង្កការងាយ ស្រួលក្នុងការធ្វើដំណើរបាននេះស្រួលទាំងថ្មើជើងនិងយា នយន្តគ្រប់ប្រភេទ។
អ្នកមីងបញ្ជាក់ថា ផ្លូវចាស់មួយខ្សែនេះមានប្រវែងតែជាង ៥គីឡូម៉ែត្រ ដោយធ្វើដំណើរចេញពីផ្លូវគ្រួសក្រហមក្នុងភូមិអ ណ្ដូងប្រេង ឃុំក្រាំងលាវ ទៅឡើងភូមិភ្នំតាសាំ ក្នុងឃុំក្រាំ ងស្គារ ស្រុកទឹកផុស បើផ្លូវនេះត្រូវបានស្ថាបនារួចរាល់នោះ វានិងអាចកាត់បន្ថយទាំងពេលវេលានិងរយៈចម្ងាយនៃការធ្វើដំណើរបានយ៉ាងឆាប់រហ័សផងដែរ។
ពាក់ព័ន្ធនឹងការស្នើសុំផ្លូវមួយខ្សែចេញពីភូមិអណ្ដូងប្រេង ក្នុងឃុំក្រាំងលាវ តភ្ជាប់ភូមិភ្នំតាសាំក្នុងឃុំក្រាំងស្គារ ដែលមានប្រវែងផ្លូវជាង៥គីឡូម៉ែត្រ តាមការស្នើសុំរបស់ប្រជាពលរដ្ឋខាងលើនេះ លោកស្រី កែវ យ៉ាន មេឃុំក្រាំងស្គារ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ ឲ្យដឹងថា នៅរដូវប្រាំងឆ្នាំនេះ បន្ទាប់ពីច្រូតកាត់រួច លោកស្រីនឹងដឹកនាំក្រុមការងារចុះពិនិត្យ និងសិក្សាផ្លូវមួយខ្សែខាងលើនេះតាមជាក់ស្ដែង។ កន្លងមកក្នុងតំបន់នេះគឺនៅមានការពាក់ព័ន្ធបញ្ហាភូមិសាស្ត្រឃុំចំនួន៣ ដែលចែកព្រំប្រទល់គ្នាមិនច្បាស់លាស់។ តែនៅឆ្នាំ២០២៣ គឺភូមិសាស្ត្រតំបន់នេះត្រូវបានកាត់មកឱ្យខាងឃុំក្រាំងស្គារ ស្រុកទឹកផុសជាផ្លូវការហើយ ហេតុនេះលោកស្រីនិងចុះទៅពិនិត្យនឹងធ្វើការសិក្សាជាក់ ស្ដែង ដើម្បីដោះស្រាយតាមស្រណូមពររបស់ប្រជាពលរដ្ឋ៕