(ស្វាយរៀង)៖ លោកបណ្ឌិត សម តារា សមាជិកគណៈកម្មាធិការកណ្តាល សមាជិកសភាមណ្ឌលស្វាយរៀង អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយចាស់ជរា ដែលមានជីវភាពខ្វះខាតចំនួន ៤គ្រួសារ និងស្វែងយល់ជាមួយប្រជាកសិករចិញ្ចឹមត្រី១គ្រួសារ នៅភូមិបន្លាស្អិត ឃុំច្រេស ស្រុកចន្ទ្រា។ ដោយមានការចូលរួមពី ក្រុមការងារ គណបក្សថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ និងថ្នាក់ភូមិជាច្រើនរូបទៀតផងដែរ។

នៅឱកាសនោះលោកបណ្ឌិត សម តារា ក៏បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង ដែលសម្ដេចតែងតែនឹករលឹកដល់បងប្អូនទាំងអស់នៅទូទាំងខេត្តស្វាយរៀងនិងផ្ដាំផ្ញើឱ្យកសិករបន្តដាំដុះបន្លែធម្មជាតិ ចិញ្ចឹមសត្វ ចិញ្ចឹមត្រីឱ្យបានច្រើន ដើម្បីលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរផងដែរ។

ជាមួយគ្នានេះ លោកបណ្ឌិត សម តារា បានជំរុញ និងលើកទឹកចិត្តឱ្យប្រជាកសិករបង្កើនការចិញ្ចឹមត្រី ឬកង្កែបឱ្យបានច្រើនសម្រាប់ហូបចុក និងឈានទៅលក់ដូរ ដើម្បីរកចំណូលទ្រទ្រង់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

បន្ថែមលើសពីនេះ លោកបណ្ឌិតបានណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសលោកយាយ លោកតាចាស់ជរា ត្រូវថែរក្សាសុខភាពឱ្យបានល្អ ព្រោះរដូវរងារ ជិតចូលមកដល់ គឺជាពេលវេលាដែលយើងត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព​ ជាចម្បង ដោយអាកាសធាតុ ផ្លាស់ប្តូរពីក្តៅមកត្រជាក់​ ហើយធ្លាក់ខ្យល់ខ្លាំង។ អ្នកដែលចាញ់រងារ និងអ្នកដែលមានសុខភាពខ្សោយ ប្រាកដណាស់ ពិតជាឆាប់ទទួលរងនូវជំងឺផ្តាស់សាយ គ្រុនក្តៅ ជាពិសេស ទៅលើ មនុស្សចាស់ កុមារ និងទារក ដូច្នេះត្រូវតែរស់នៅស្អាត ហូបស្អាត ទឹកស្អាត ទើបអាចកាត់បន្ថយនូវការឆ្លងជំងឺផ្សេងៗបាន។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះលោកបណ្ឌិត សម តារា បានឧបត្ថម្ភដល់ចាស់ជរា និងកសិករចិញ្ចឹមត្រី និងក្រុមការងារអស់ថវិកាសរុប ៣,២០០,០០០រៀល ផងដែរ៕