(អាមេរិក)៖ ព្យុះ Hurricane Matthew ដែលជាខ្យល់ព្យុះដ៏សាហាវជាងគេនៅក្នុងតំបន់ Caribbean នៅក្នុងរយៈពេលជិតមួយទសវត្សមកនេះបានបោះពួយយ៉ាងលឿន សំដៅទៅកាន់ភាគខាងត្បូង សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានផ្តាច់យកជីវិតមនុស្សយ៉ាងហោចណាស់ចំនួន១០៨នាក់ ដែលភាគច្រើននៅក្នុង ប្រទេសហៃទី នេះបើតាមអាជ្ញាធរហៃទីបានឲ្យដឹងយ៉ាងដូច្នេះ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយ Reuters នាយប់ថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០១៦។
មជ្ឈមណ្ឌលការពារព្យុះជាតិអាមេរិក បានអះអាងថា ព្យុះហ៊ឺរីគែន Matthew ត្រូវបានគេព្យាករណ៍ថា នឹងបង្កើនល្បឿនខ្យល់របស់ខ្លួនបន្ថែមទៀត អំឡុងការធ្វើដំណើររបស់វា ទៅកាន់ឆ្នេរសមុទ្រអាត្លង់ទិចនៃរដ្ឋ Florida ខណៈមនុស្សចំនួនប្រមាណ១០៨នាក់ បានបាត់បង់ជីវិតនៅក្នុងប្រទេសហៃទី និងជាច្រើននាក់ផ្សេងទៀតបានបាត់បង់ទីជម្រក បន្ទាប់ពីព្យុះកំណាចនេះបានកម្ទេចលំនៅដ្ឋាន របស់ពួកគេនៅដើមសប្តាហ៍នេះ។
ជាមួយគ្នានេះដែរ អាជ្ញាធរសហរដ្ឋអាមេរិក ក៏បានចេញសេចក្តីប្រកាស ជូនដល់ប្រជាជនជាង១.៥លាននាក់ ឲ្យជម្លៀសខ្លួនចេញពីតំបន់ដែលអាច នឹងទទួលរងការវាយប្រហារដោយខ្យល់ព្យុះផងដែរ។
គួរបញ្ជាក់ដែរថា ព្យុះ Matthew អាចនឹងវាយលុកចំតែម្តងទៅលើរដ្ឋ Florida ឬក៏តាមបណ្តោយឆ្នេរ នៅយប់ថ្ងៃព្រហស្បតិ៍នេះ ហើយបើវាធ្វើការបោកបក់មកចំផ្ទាល់ រដ្ឋ Florida នឹងទទួលរងការខូចខាតធ្ងន់ធ្ងរ៕