(កំពង់ធំ)៖ ដើម្បីស្តារលទ្ធភាពការដាំដុះឡើងវិញ ក្រោយរដូវទឹកសម្រករាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ពូជស្រូវជាង ១០០តោន ដល់ប្រជាពលរដ្ឋចំនួន ៧១៥គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅស្រុកបារាយណ៍ និងស្រុកសន្ទុក ខេត្តកំពង់ធំ។

ជាក់ស្តែងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញចែកពូជស្រូវចំនួន ១០៩,៥០០គីឡូក្រាម ជូនប្រជាពលរដ្ឋចំនួន ៧១៥នាក់ រងផលប៉ះពាល់ដោយគ្រោះទឹកភ្លៀងកាលពីកន្លងទៅ។

លោកអភិបាលខេត្ត បានពាំនាំនូវការសាកសួរសុខទុក្ខក្តីនឹករលឹក និងការអាណិតស្រលាញ់ប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅរបស់សម្តេចបវរសធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋនមន្ត្រី​នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់ប្រជាពលរដ្ឋទាំងអស់ និងសម្តែងការសោកស្តាយចំពោះផលប៉ះពាល់របស់ប្រជាពលរដ្ឋកើតពីទឹកជំនន់។

លោកបានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ស្រូវពូជជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងកន្លងទៅថ្មីៗនេះ ចាប់ផ្តើមមានភ្លៀងធ្លាក់តាំងពីចុងខែកក្កដា បានធ្វើឱ្យខេត្តកំពង់ធំ ទទួលរងនូវគ្រោះជំនន់ទឹកភ្លៀង បានប៉ះពាល់ចំនួន០៧ ក្រុង ស្រុក។ ដោយឡែកប៉ះពាល់ស្រុកបារាយណ៍ មានប្រជាពលរដ្ឋដែលរងគ្រោះសរុប៣១៥នាក់ ទទួលបានស្រូវពូជចំនួន ៣១,៥០០គីឡូក្រាម និងស្រុកសន្ទុកមានប្រជាពលរដ្ឋដែលរងគ្រោះចំនួន៤០០នាក់ ទទួលបានស្រូវពូជ ៧៨,០០០គីឡូក្រាម ហើយផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវជនបទមួយចំនួនទទួលរងការខូចខាត ប៉ះពាល់សាលារៀន មណ្ឌលសុខភាព និងវត្តអារាមមួយចំនួនទៀត ។ 

លោកបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរដាំដុះស្រូវ និងផលដំណាំឡើងវិញ ដើម្បីលើកស្ទួយជីវភាពក្រោយទឹកជំនន់ ក្រៅពីនេះការងារអនាម័យសំអាតបរិស្ថាន ក្នុងសហគមន៍ ក្នុងពេលទឹកកំពុងស្រក និងក្រោយពីទឹកស្រក ក៏ជាការងារអាទិភាពផងដែរ។

តំណាងប្រជាពលរដ្ឋដែលទទួលបានពូជស្រូវសម្រាប់ការដាំដុះឡើងវិញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង៕